កងទ័ពស៊ីរីផ្លោងគ្រាប់ចំសាលារៀនមួយក្នុងខេត្ត Idlib បង្កឲ្យជនស៊ីវិល៨នាក់ស្លាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 January, 2020 ក+ ក-

ស៊ីរី ៖ យ៉ាងហោចណាស់មានជនស៊ីវិល៨នាក់ត្រូវបានសម្លាប់កាលពីថ្ងៃពុធនៅក្នុងការវាយប្រហារដោយគ្រាប់រ៉ុក្កែតដោយកម្លាំងរដ្ឋាភិបាលស៊ីរីទៅលើសាលារៀនមួយកន្លែងនៅ Idlib ដែលជាទីតាំងរឹងមាំចុងក្រោយរបស់ក្រុមឧទ្ទាមស៊ីរី។ នេះបើតាមសារព័ត៌មាន Al Jazeera។

ទីភ្នាក់ងារការពារស៊ីវិលបាននិយាយថា ក្នុងចំណោមជនរគ្រោះទាំងអស់មាន០៤នាក់ជាកុមារ និងពីរនាក់ជាស្ត្រីផងដែរ ហើយបើតាមកងកម្លាំងមួកស ការវាយប្រហារខាងលើកើតមានឡើងចំពេលមានសិស្ស និងគ្រូបង្រៀនជាច្រើននាក់ កំពុងស្ថិតនៅក្នុងសាលារៀននៅឯទីក្រុង សាមីន (Sarmeen) នៃភាគពាយ័ព្យខេត្ត Idlib។ ក្រៅពីចំនួនអ្នកស្លាប់មនុស្ស ១៦នាក់ផ្សេងទៀតក៏បានរងរបួសផងដែរ តែខាងរដ្ឋាភិបាលស៊ីរី មិនទាន់អធិប្បាយអ្វីនៅឡើយទេ។

បច្ចុប្បន្នកងកម្លាំងរដ្ឋាភិបាលស៊ីរី ក្រោមការគំាទ្រពីយន្ដហោះចម្បាំងរុស្ស៊ី កំពុងវាយដណ្ដើមយកខេត្ត Idlib ពីក្រុមឧទ្ទាមមកវិញ។ បើតាមការឱ្យដឹងពីការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) ប្រជាជនស៊ីរីច្រើនជាង ២៣៥,០០០នាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ នៅចន្លោះពីថ្ងៃទី១២ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩។

សូមជម្រាបថា សង្រ្គាមស៊ីរីបានសម្លាប់ជីវិតមនុស្សច្រើនជាង ៣៧០,០០០នាក់ ចាប់តាំងពីវាផ្ទុះឡើងនៅឆ្នាំ២០១១ មកទល់នឹងដើមឆ្នាំ២០២០ ហើយគិតជាសរុប មនុស្ស ១១,២១៥នាក់ក្នុងនោះរួមមានកុមារជាង ១,០០០នាក់ ត្រូវបានសម្លាប់នៅក្នុងឆ្នាំ២០១៩ កន្លងទៅ បើទោះជារដ្ឋាភិបាល ប្រធានាធិបតី បាស្សា អាល់អាសាដ កំពុងគ្រប់គ្រងទឹកដីស្ទើរតែទាំងស្រុងឡើងវិញក៏ដោយ៕