ចំនួនមនុស្ស​ស្លាប់កើនដល់២១​នាក់ ក្នុងគ្រោះ​ដោយទឹកជំនន់​នៅរដ្ឋធានីហ្សាការតា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 January, 2020 ក+ ក-

ឥណ្ឌូនេស៊ី​ ៖ ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូណេស៊ី BNPB បានបញ្ជាក់ថា ទឹកជំនន់​បាន​វាយ​ប្រហាររដ្ឋធានី​ហ្សាការតាបានបណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់២១នាក់​បាន​ស្លាប់ ដោយក្នុងនោះ៨នាក់នៅរដ្ឋធានីហ្សាការតា និង៣នាក់នៅកូតឌុក គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី២ ខែមករា ឆ្នាំ២០២០ នេះ។

អាជ្ញាធរ​បានបញ្ជាក់ទៀតថា ពលរដ្ឋប្រមាណ៣០លាន​នាក់ គ្មាន​ចរន្ត​អគ្គិសនី​ប្រើប្រាស់ ចំណែក​ស្ថានីយរថភ្លើងមួយចំនួន រួមទាំង​ព្រលានយន្តហោះផងនោះ ក៏ត្រូវ​បាន​បិទ​ផងដែរ។ ទន្ទឹមនោះអ្នកដើរ​កម្សាន្ត​រាប់​ពាន់​នាក់​នៅ​ទីក្រុងហ្សា​ការតា ​ត្រូវ​បាន​ទឹក​ជន់​លិច​ដោយសារ​ភ្លៀង​ខ្លាំង ​នៅ​ពេល​ពួកគេ​រង់ចាំ​ពិធី​បាញ់​កាំជ្រួច​នៅ​ថ្ងៃ​ចូលឆ្នាំ​សកល​។​

អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិលោក Agus Wibowo បាននិយាយកាលពីថ្ងៃពុធថា ភ្លៀងមូសុង និងទឹកទន្លេកំពុងជន់លិចសង្កាត់យ៉ាងតិច៩០ និងបង្កជាការបាក់ដីនៅក្នុងទីក្រុងកូកូតឌុកដែលស្ថិតនៅជាយក្រុងហ្សាការតា។

លោក Wibowo បាននិយាយថា អ្នកស្លាប់រួមមានសិស្សវិទ្យាល័យអាយុ១៦ឆ្នាំម្នាក់ដែលត្រូវចរន្តអគ្គិសនីឆក់ ខណៈដែលមនុស្សជាង១៩.០០០ នាក់កំពុងស្ថិតនៅក្នុងជម្រកបណ្តោះអាសន្ន បន្ទាប់ពីទឹកជំនន់បានឡើងដល់៣ម៉ែត្រនៅកន្លែងជាច្រើន៕