ចំនួនមនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់នៅរដ្ឋធានីហ្សាការតាកើនដល់៣០នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 January, 2020 ក+ ក-

ហ្សាការតា ៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ីកាលថ្ងៃព្រហស្បតិ៍ម្សិលមិញបានបញ្ជាក់បន្ថែមថា ចំនួនមនុស្សស្លាប់ដោយសារតែគ្រោះទឹកជំនន់ដ៏អាក្រក់នៅទីក្រុងហ្សាការតាបានកើនដល់៣០នាក់ហើយ។ នេះបើតាមសារព័ត៌មាន Kyodo News។

រដ្ឋធានីហ្សាការតារបស់ឥណ្ឌូណេស៊ី និងតំបន់ជុំវិញនោះ បានទទួលរងការធ្លាក់ភ្លៀងខ្លាំងជោគជាំខុសពីធម្មតា ចាប់តាំងពីថ្ងៃអង្គារ សប្តាហ៍នេះ ដែលជាហេតុបង្កឲ្យមានគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ រួមនិងបំណាក់ដី។ ដោយសារតែគ្រោះទឹកជំនន់ ការធ្វើដំណើរ ក្នុងទីក្រុងត្រូវជួបភាពលំបាកខ្លាំង រីឯនៅតំបន់ជាច្រើនត្រូវកាត់ផ្តាច់ចរន្តថាមពលអគ្គិសនី។ ទន្ទឹមនោះប្រជាជនឥណ្ឌូណេស៊ីជាង៦ម៉ឺននាក់ ដែលរស់នៅក្នុងហ្សាការតា ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយលំនៅឋានរាប់ពាន់ខ្នងបានរងការខូចខាត។

យោងតាមការព្យាករណ៍របស់ទីភ្នាក់ងារឧតុនិយមឥណ្ឌូណេស៊ី ភ្លៀងអាចនឹងបន្តធ្លាក់ខ្លាំងរហូតដល់ថ្ងៃសៅរ៍សប្តាហ៍ នេះ ឬរហូតដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ នៅក្នុងទីក្រុងហ្សាការតា។ ដោយឡែក កំឡុងគ្រោះទឹកជនន់មួយកាលពីឆ្នាំ២០០៧នៅ ក្នុងរដ្ឋធានីហ្សាការតានិងតំបន់ជុំវិញនោះ បានសម្លាប់ មនុស្សយ៉ាងតិច៨០នាក់ រីឯ៣២០,០០០នាក់ត្រូវចាកចេញពីលំនៅឋាន៕