មេទ័ពកំពូលអ៊ីរ៉ង់ត្រូវបានសម្លាប់នៅក្រុងបាដាដ ក្នុងការវាយប្រហារដោយអាមេរិក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 January, 2020 ក+ ក-

បាកដាដ ៖ ប្រមុខកងអង្គភាពពិសេស (Quds Force) នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង លោកឧត្ដមសេនីយ៍ កាស្សេម សូឡៃមេនី (Qassem Soleimani) រួមជាមួយមនុស្ស០៦នាក់ផ្សេងទៀតត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាស ដឹកនាំដោយសហរដ្ឋអាមេរិក លើអាកាសយានដ្ឋានទីក្រុងទីក្រុងបាកដាដ ក្នុងប្រទេសអ៊ីរ៉ាក់។

បើតាមអ្នកនាំពាក្យកងជីវពលអ៊ីរ៉ាក់បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters គូសបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលគឺជាអ្នកទទួលខុសត្រូវ ចំពោះការស្លាប់របស់លោក Qassem Soleimani និងលោក អាប៊ូ ម៉ាហ៍ឌី អាល់មូហានឌីស (Abu Mahdi al-Muhandis) ដែលជាមេបញ្ជាការរបស់ពួកយើង។ ដោយឡែកក្រុមមន្ត្រីអ៊ីរ៉ាក់ និងទូរទស្សន៍រដ្ឋក៏បានរាយការណ៍ពីការស្លាប់របស់មេបញ្ជាការកងទ័ពជាន់ខ្ពស់ទំាងពីររូបនេះដែរ។

បើតាមសេចក្ដីរាយការណ៍ដំបូង ពីកងកម្លាំងចលនាប្រជាជនអ៊ីរ៉ាក់ គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់បានបំផ្លាញរថយន្ដពីរគ្រឿង ដែលដឹកភ្ញៀវបរទេសជាន់ខ្ពស់ជាច្រើននាក់ ហើយក្នុងនោះមនុស្ស០៨នាក់បានស្លាប់។ ប៉ុន្តែខាងភាគីអ៊ីរ៉ង់មិនទាន់ទទួលស្គាល់សេចក្ដីរាយការណ៍នេះនៅឡើយទេ ខណៈប្រភពផ្លូវការបន្តទៀត គឺត្រូវរង់ចាំការបញ្ជាក់ពីរដ្ឋាភិបាលអ៊ីរ៉ាក់៕