ត្រាំ ព្រមានវាយប្រហារលើទីតាំងចំនួន៥២កន្លែងរបស់អ៊ីរ៉ង់ បើសិនជាអ៊ីរ៉ង់ហ៊ានសងសឹកអាមេរិក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 January, 2020 ក+ ក-

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏បានព្រមានវាយប្រហារលើទីតាំងចំនួន ៥២កន្លែងរបស់អ៊ីរ៉ង់ ប្រសិនបើទីក្រុងតេហេរ៉ង់ ហ៊ានធ្វើសកម្មភាពសងសឹកមកលើពលរដ្ឋ កងទ័ព ឬក៏មូលដ្ឋានទ័ពរបស់អាមេរិក។ នេះបើតាមសារព័ត៌មាន CNA។

លោក ដូណាល់ ត្រាំ បានប្រកាសគំរាមធ្ងន់ៗបែបនេះ នៅលើបណ្តាញសង្គម Twitter ដោយលោកបានសរសេរថា អ៊ីរ៉ង់ពិតជាហ៊ានខ្លាំងណាស់ តាមរយៈការចង់វាយប្រហារសងសឹកមកលើអាមេរិក ដើម្បីឆ្លើយតបចំពោះការធ្វើឃាតលោក កាស្សេម សូឡៃមេនី (Qassem Soleimani) បន្ទាប់ពីមេទ័ពឆ្មាំបដិវត្តន៍ អ៊ីរ៉ង់ម្នាក់បានព្រមានថា ទីតាំងឈរជើងទាំង ៣៥ របស់អាមេរិកនៅមជ្ឈិមបូព៌ា នឹងមិនអាចគេចផុតពីមីស៊ីលរបស់អ៊ីរ៉ង់ជាដាច់ខាត។

ខាងក្រោមជាសារ​ព្រមានរបស់ លោក ដូណាល់ ត្រាំ ៖

*គាត់ (មេទ័ពដែលត្រូវបានសម្លាប់) បាន​វាយប្រហារ​ស្ថានទូត​របស់យើង​រួចមកហើយ ហើយ​ត្រៀម​រៀបចំ​វាយប្រហារនៅទីតាំងផ្សេងទៀត។ ប្រសិន​បើកអ៊ីរ៉ង់ វាយប្រហារ​ជនជាតិអាមេរិកណាមួយ ឬទ្រព្យ​សម្បត្តិអាមេរិក យើងបាន​ត្រៀម​កម្ទេច​ទីតាំងអ៊ីរ៉ង់ ៥២កន្លែង (ដែលតំណាងឱ្យ​ចំណាប់ខ្មាំងជនជាតិអាមេរិក ៥២នាក់ ត្រូវបាន​ចាប់ខ្លួន​ដោយអ៊ីរ៉ង់ជាច្រើនឆ្នាំ​កន្លងទៅ) ។

*ពួកគេវាយប្រហារយើង & យើងវាយបកវិញ។ ប្រសិន​បើពួកគេ​វាយប្រហារ​ម្តងទៀត ខ្ញុំនឹង​ផ្តល់ដំបូន្មាន​ឱ្យពួកគេថាកុំធ្វើអ៊ីចឹង ពោលគឺយើងនឹង​វាយប្រហារ​ពួកគេ​កាន់តែខ្លាំងដែល​ពួកគេមិនដែលជួបពីមុនមកឡើយ។

*សហរដ្ឋអាមេរិក ទើបតែ​ចំណាយ ២ទ្រីលាន​ដុល្លារ ទៅលើ​ឧបករណ៍​យោធា។ យើង​គឺជាប្រទេស​ធំបំផុត និង​ល្អបំផុត​ក្នុងពិភព​លោក! ប្រសិន​បើ​អ៊ីរ៉ង់​វាយប្រហារ​មូលដ្ឋាន​អាមេរិក​ណាមួយ ឬជនជាតិ​អាមេរិក​ណាមួយ យើង​នឹង​បញ្ជូន​សព្វាវុធ​ស្អាតម៉ាកថ្មី ដោយគ្មាន​ការ​ស្ទាក់ស្ទើរ៕