ចែ​ង៉ែត ជា​ឈ្មួញ​នាំ​ទំនិញគេចពន្ធ​ពី​ថៃ​ចូល​ខេត្តកោះកុង​សមត្ថកិច្ច​មិន​បង្ក្រាប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 July, 2015 ក+ ក-

​ខេត្តកោះកុង​៖​សម្រាប់​អ្នក​ខេត្តកោះកុង​អ្នកណា​ក៏​ស្គាល់ឈ្មោះ ចែ​ង៉ែតៗ ដែរ ព្រោះ​គាត់​គឺជា​ឈ្មួញ​រកស៊ី​នាំ​ទំនិញ​ខុសច្បាប់​ពី​ប្រទេស​ថៃ​ឆ្លងកាត់ ច្រក​បាក់​ខ្លង​ជាច្រើន​ឆ្នាំ​មកហើយ​គ្មាន​សមត្ថកិច្ច ឬ​មន្ត្រី​ជំនាញ​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។​នេះ​បើតាម​មន្ត្រី​អាជ្ញាធរ​មួយរូប​បាន​អះអាង​ប្រាប់​កាលពីដើម​សប្តាហ៍​កន្លងមកនេះ​។​

​មន្ត្រី​ដដែល​បាន​បន្តថា មូលហេតុ​ដែល​អាច​ឲ្យ​ចែ​ង៉ែត អាច​រកស៊ី​ខុសច្បាប់​បាន​ដោយ​ស្រួល​គឺ​ដោយសារ​គាត់​ចេះ​ចែករំលែក​ផលប្រយោជន៍​ទៅ​ឲ្យ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ទាំងអស់នោះ​តាម​ទម្លាប់​ជាប្រចាំ​។ រាល់​ទំនិញ​របស់​ចែ​ង៉ែត​ដឹកជញ្ជូន​ជា​ចំហ​តាម​ទូក​ចូលមក​កាន់​ដងព្រែក កោះ​ប៉ោ ស្ថិត​ក្នុងភូមិ​២ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ និង​បន្ត​លើកដាក់​លើ​រថយន្ត​យកទៅ​ស្តុក​ទុក​សម្រាប់​បោះ​ដុំ​លក់​ឲ្យ​ឈ្មួញកណ្តាល​នៅក្នុង​ខេត្តកោះកុង និង​មួយចំនួនទៀត​ដឹក​យកមក​ភ្នំពេញ ឬ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ផងដែរ​។​

​ប្រភព​ដដែល​បន្តថា ចែ​ង៉ែត ត្រូវបាន​គេ​តក់​សម្គាល់ថា ជា​រៀងរាល់ថ្ងៃ​គាត់​បានធ្វើការ​ដឹកជញ្ជូន​ទំនិញ​ជាច្រើន​មុខ​រាប់​តោន​ពី​ប្រទេស​ថៃ​មក​កម្ពុជា​ក្នុង​ខេត្តកោះកុង​តាម​ច្រក​បាក់​ខ្លង ហើយ​រាល់​ការដឹកជញ្ជូន​ម្តងៗ​មាន​ភាពរលូន​ខ្លាំងណាស់​មិន​ញញើត​សមត្ថកិច្ច​ឬ​មន្ត្រី​ជំនាញ​នោះឡើយ​។ រីឯ​រដ្ឋ​បាត់បង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី​ការ​នាំចូល​ទំនិញ មិន​ស្របច្បាប់​របស់​ចែ​ង៉ែត​នេះ​។

​លោក ជឿ សាវុន ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រក​បាក់​ខ្លង និង​លោក ប៉ាង វណ្ណ​ថន ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តកោះកុង អាចជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​ចំពោះ​ការបាត់បង់​ចំណូល​ថវិកាជាតិ ដោយសារតែ​ភាព​ធូររលុង​អនុញ្ញាត​ឲ្យ​ចែ​ង៉ែត​នាំចូល​ទំនិញគេចពន្ធ​តាម​ទំនើងចិត្ត​មិន ធ្វើការ​បង្ក្រាប​បែបនេះ​។​

​លោក ជឿ សាវុន និង​លោក ប៉ាង វណ្ណ​ថន មិនអាច​ទំនាក់ទំនង​សុំ​ការពន្យល់​បានទេ​កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​កន្លងមកនេះ​៕

ដោយ​៖ពេ​ជ្ជ សុគន្ធ

nhbg