៣១គម្រោងវិនិយោគថ្មីតម្លៃជាង២ពាន់លានដុល្លារ នឹងចាប់ផ្តើមនៅដើមឆ្នាំនេះក្នុងរាជធានី ខេត្តចំនួន៧
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 January, 2020 ក+ ក-

ភ្នំពេញ ៖ នៅដើមឆ្នាំ២០២០ គម្រោង វិនិយោគថ្មីចំនួន៣១ ដែលត្រូវបានអនុម័តយល់ព្រម ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីចុងខែធ្នូ ឆ្នាំ២០១៩ នឹងចាប់ផ្តើមដំណើរ ការ លើផលទុនសរុបជាង ២ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមតួលេខដែល បានកត់ត្រា និងបង្ហាញដោយ CDC។
គម្រោងវិនិយោគថ្មីៗទាំង៣១ នោះ រួមមាន នៅក្នុងរាជធានីភ្នំពេញចំនួន ៨ទីតាំង ខេត្ត តាកែវ ចំនួន ២ទីតាំង ខេត្តស្វាយរៀង ចំនួន ២ទីតាំង ខេត្តកណ្តាល ចំនួន ៦ទីតាំង ខេត្ត កំពង់ស្ពឺ ចំនួន៦ទីតាំង ខេត្តព្រះសីហុន ចំនួន៦ទីតាំង និងខេត្តពោធិសាត់ ចំនួន១ទីតាំង។
ពាក់ព័ន្ធនឹងវិស័យកាត់ដេរនៅកម្ពុជា គេមើលឃើញថា លំហូរវិនិយោគនៅតែមានជាបន្ត បន្ទាប់ ចំណែកការនាំចេញសម្រាប់ឆ្នាំ២០១៩ ក៏មានកំណើនគួរឲ្យកត់សម្គាល់ដែរបើទោះ បីជាកម្ពុជាកំពុងប្រឈមនឹងបញ្ហាដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ឬហៅថា អ្វីគ្រប់យ៉ាង លើកលែងតែអាវុធដោយសហភាពអឺរ៉ុប ក៏ដោយ។
បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ក្នុង រយៈពេល ៩ខែដើមឆ្នាំ២០១៩ កម្ពុជាបាននាំចេញផលិតផលវាយនភណ្ឌកាត់ដេរ និង ស្បែកជើង ដែលមានតម្លៃជាង ៧,៩៧ ពាន់លានដុល្លារ កើនឡើង ១៣,១៨ ភាគរយ ពី មួយឆ្នាំទៅមួយឆ្នាំ ដែលស្នើនឹងជាង ៩រយលានដុល្លារ។
របាយការណ៍ដដែល បញ្ជាក់ថា ទីផ្សារនាំចេញផលិតផលវាយនភណ្ឌកាត់ដេរ និងស្បែក ជើងកម្ពុជា ទៅបរទេស មានដូចជា អាមេរិក គិតជាទឹកប្រាក់ ២,៥ពាន់លានដុល្លារ សហ ភាពអឺរ៉ុបចំនួន ២,៤ពាន់លានដុល្លារ ចក្រភពអង់គ្លេសចំនួន ៦៧០លានដុល្លារ ជប៉ុនចំនួន ៧១១ លានដុល្លារ ប្រទេសសមាជិកអាស៊ានចំនួន ១២១លានដុល្លារ និងបណ្តាប្រទេស ផ្សេងទៀតប្រមាណ ១,៥ ពាន់លានដុល្លារ៕ ដោយ ៖ អ៊ុក សំអាង

រូបឯកសារ