តុលាការអង់គ្លេសកាត់ទោសនិស្សិតឥណ្ឌូនេស៊ីម្នាក់ឲ្យជាប់គុកមួយជីវិត ករណីរំលោភភេទដូចគ្នាជិត២០០នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 January, 2020 ក+ ក-

មែនឆេស្ទឺរ ៖ និស្សិតឥណ្ឌូនេស៊ីម្នាក់ត្រូវបានតុលាការក្រុងមែនឆេស្ទឺរ នៃចក្រភពអង់គ្លេសកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត នៅក្នុងករណីរំលោភប្រុសដូចគ្នារហូតដល់ទៅ១៩៥នាក់ក្នុងរយៈពេល ២ ឆ្នាំកន្លះតាមរយៈការពង្វក់ដោយដាក់ថ្នាំសណ្តំ។ នេះបើតាមសារព័ត៌មាន CNA។

ប៉ូលិសអង់គ្លេសជឿជាក់ថា ស្ថិតក្រោមការកាត់ក្តីអមដោយភស្តុតាង និងសាក្សីជាច្រើនកន្លងមកនេះ និស្សិតជនជាតិឥណ្ឌូណេស៊ីឈ្មោះ រ៉ៃញ៉ាដ ស៊ីណាហ្គា (Reynhard Sinaga) ត្រូវបានតុលាការសម្រេចឲ្យ ជាប់ពន្ធនាគារអស់មួយជីវិតនៅអង់គ្លេស។

ប៉ូលិលបន្តថា ដោយសារតែពាក្យបណ្តឹងទៅលើនិស្សិតឥណ្ឌូណេស៊ី Reynhard Sinaga មានច្រើនខ្លាំងពេក ដូច្នេះការកាត់ក្តីដោយតុលាការត្រូវបានធ្វើឡើងជាច្រើនលើក ខណៈពាក្យបណ្តឹងដែលបានលើកយកមកកាត់ក្តីរួចនោះ គឺទើបតែសម្រេច៨៨ករណីប៉ុណ្ណោះ ក្នុងចំណោមជនរងគ្រោះដែលបានដាក់ពាក្យបណ្តឹងសរុប១៥៩ករណី។

លោក Reynhard Sinaga មានអាយុ ៣៦ឆ្នាំត្រូវបានប៉ូលិសអង់គ្លេសរកឃើញថា តែងតែបានហៅជនរងគ្រោះទៅផ្ទះរបស់ខ្លួន ក្នុងន័យស្នើសុំជំនួយអ្វីមួយ ហើយក្រោយមកជនល្មើសរូបនេះ ក៏បានដាក់ថ្នាំសណ្តំបុរសទាំងនោះ ហើយចាប់ផ្តើមសកម្មភាពរំលោភបំពានផ្លូវភេទតែម្តង។ ជនរងគ្រោះភាគច្រើន គឺជានិស្សិតមិនទាន់បញ្ចប់ការសិក្សា និងមានអាយុ ២០ឆ្នាំស្តើង៕