សារព័ត៌មានកូរ៉េខាងជើង ៖ មជ្ឈឹមបូព៌ានឹងក្លាយជាផ្នូររបស់កងទ័ពអាមេរិក បើផ្ទុះសង្រ្គាមជាមួយអ៊ីរ៉ង់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 January, 2020 ក+ ក-

សេអ៊ូល ៖ គេហទំព័រព័ត៌មានកូរ៉េខាងជើង អារីរាំង មារី (Arirang Meari) បានចេញផ្សាយថា តំបន់មជ្ឈិមបូព៌ានឹងក្លាយជាទីវាលបញ្ចុះសពរបស់កងទ័ពអាមេរិក បើសិនជាលោក ដូណាល់ ត្រាំ ប្រកាសធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់។ នេះបើតាមសារព័ត៌មាន Sputnik។

គេហទំព័រ Arirang Meari កាលពីសប្តាហ៍មុនក៏បានកត់សម្គាល់ដែរថា បើតាមអ្នកជំនាញជាច្រើន សហរដ្ឋអាមេរិកកំពុងដើរចូលក្នុងភាពចលាចល នៃសង្រ្គាមមជ្ឈិមបូព៌ាដោយខ្លួនឯង រីឯសម្ព័ន្ធមិត្តធំៗមួយចំនួនរបស់អាមេរិក ទំនងជានឹងមិនគាំទ្រ ឬក៏ចូលរួមជាមួយលោក ដូណាល់ ត្រាំ ក្នុងការធ្វើសង្រ្គាមទល់នឹងទីក្រុងតេហេរ៉ង់នោះដែរ ដោយសារតែបញ្ហានយោបាយផ្ទៃក្នុង ព្រមទាំងការព្រួយបារម្ភពីផលប៉ះពាល់ ទៅដល់សេដ្ឋកិច្ចរបស់ពួកគេ។

ដោយឡែកទាក់ទិននឹងសំណុំរឿងមជ្ឈិមបូព៌ានេះដែរ លោក ជុង សេយុន (Jeong Se Hyun) ដែលជាអតីតរដ្ឋមន្ត្រីបង្រួបបង្រួមជាតិកូរ៉េខាងត្បូងបានយល់ថា មរណភាពរបស់លោក Qassem Soleimani អាចនឹងធ្វើឱ្យលោក គីម ជុងអ៊ុន មានសម្ពាធផ្លូវចិត្ត ហើយកូរ៉េខាងជើងនឹងកាន់តែមានការប្រុងប្រយ័ត្នជាងមុន មុននឹងទម្លាយពីទីតាំងដែលលោក គីម ស្ថិតនៅ។

ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) ដែលជាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋកូរ៉េខាងជើងបានកត់សម្គាល់កាលពីថ្ងៃចន្ទថា ទីក្រុងមូស្គូ និងទីក្រុងប៉េកាំងបានប្រកាន់ជំហររឹងមាំប្រឆាំងនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិកដែលបានសម្លាប់លោក សូឡីនី នៅទីក្រុងបាកដាដ៕