ករណី​រត់​ជាន់គ្នា​ក្នុង​ពិធី​បុណ្យសព​របស់​មេបញ្ជាកា​រ​អ៊ីរ៉ង់ អ្នកស្លាប់​កើនដល់​៥៦​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 January, 2020 ក+ ក-

អ៊ីរ៉ង់ ៖ អាជ្ញាធរ​អ៊ីរ៉ង់បាន​និយាយថា ​ចំនួន​អ្នកស្លាប់ក្នុង​ករណីរត់​ជាន់គ្នា​ក្នុង​ពិធី​បញ្ចុះសព​មេបញ្ជាការ​កំពូល​ម្នាក់​ដែល​ត្រូវបាន​សម្លាប់​ក្នុងការ​វាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អាមេរិក បាន​កើន​ដល់​៥៦​នាក់​ហើយ​។​ នេះ​បើ​យោងតាម​ប្រភពពី CGTN ។​

​មនុស្ស​ជាង​២១០​នាក់​ផ្សេងទៀត​បាន​រងរបួស​ក្នុង​ឧប្បត្តិ​ហេតុនេះ​ដែល​កើតឡើង​នៅ​ទីក្រុង Kerman​។ សព​របស់លោក Qasem Soleimani ត្រូវបាន​តម្កល់​នៅឯ​ស្រុកកំណើត​របស់គាត់​ខណៈ​មនុស្ស​រាប់លាន​នាក់​បាន​ប្រមូលផ្តុំ​គ្នា​តាម​ដងផ្លូវ​សម្រាប់​ពិធី​ដង្ហែ​សព​របស់គាត់​។ ការសម្លាប់​គាត់​បាន​បង្ក​ជាការ​ភ័យខ្លាច​អំពី​ជម្លោះ​រវាង​សហរដ្ឋអាមេរិក​និង​អ៊ីរ៉ង់​។​

​លោក Soleimani ត្រូវបាន​គេ​ចាត់ទុកថា ​ជា​បុរស​មានអំណាច​បំផុត​លំដាប់​ទី​២​ក្នុងប្រទេស​អ៊ីរ៉ង់​បន្ទាប់ពី​មេដឹកនាំ​កំពូល​លោក Khamenei​។ ទោះបីជា​យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក​បាន​មើលឃើញថា គាត់​ជា​ភេរវ​ករ​និង​ជាការ​គំរាមកំហែង​ដល់​កងទ័ព​អាមេរិក​។​

​​នៅ​ទីក្រុង Kerman ភាគ​អាគ្នេយ៍​ប្រទេស​អ៊ីរ៉ង់ មនុស្ស​ជាច្រើន​ត្រូវបាន​គេ​មើលឃើញ​នៅតាម​ដងផ្លូវ​ជាថ្មី​ម្តងទៀត​ខណៈ​សាកសព​របស់លោក Soleimani នឹងត្រូវ​បញ្ចុះ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​៕