អ៊ីរ៉ង់ ៖ ការវាយប្រហារលើមូលដ្ឋានយោធាអាមេរិក ជាការចាប់ផ្តើមនៃប្រតិបត្តិការសំខាន់ៗ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 January, 2020 ក+ ក-

អ៊ីរ៉ង់ ៖ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានផ្សាយថា មេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ពអាកាសអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់គឺជាមេរៀនមួយដើម្បីឲ្យកងទ័ពអាមេរិកដកខ្លួនចេញពីតំបន់ មិនមានបំណងដើម្បីសម្លាប់ក្រុមទាហានអាមេរិកទេ។

ប្រមុខកងកម្លាំងអវកាសរបស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់លោក អាមឺ អាលី ហាជីរ៉ាដេស (Amir Ali Hajiradesh) បាននិយាយថា ការវាយប្រហារទៅលើមូលដ្ឋានទ័ពអាកាសអាមេរិកនោះគឺជាការចាប់ផ្តើមនៃការវាយប្រហារជាបន្តបន្ទាប់នៅទូទាំងតំបន់មជ្ឈិមបូព៌ា។ លោក ហាជីរ៉ាដេស (Hajiradesh) បាននិយាយថា ការសងសឹកយ៉ាងសមស្របដែលអ៊ីរ៉ង់បានសន្យាគឺនឹងបណ្តេញកងទ័ពអាមេរិកចេញពីតំបន់មជ្ឈិមបូព៌ា។ បន្ថែមលើនេះ លោកថា អ៊ីរ៉ង់បានត្រៀមមីស៊ីលរាប់រយដើមរួចជាស្រេចហើយអាចសម្លាប់ទាហានអាមេរិកយ៉ាងហោច៥រយនាក់ក្នុងរយៈពេល៤៨ម៉ោង។

សូមជម្រាបថា កាលពីថ្ងៃពុធ អ៊ីរ៉ង់បានបាញ់មីស៊ីលសរុប២២គ្រាប់ទៅលើមូលដ្ឋានយោធា២កន្លែងក្នុងប្រទេសអ៊ីរ៉ាក់ដែលមានទាហានអាមេរិកតាំងនៅដើម្បីជាការសងសឹកចំពោះការសម្លាប់ប្រមុខកងទ័ពពិសេសអ៊ីរ៉ង់លោក កាសេម សូឡេម៉ានី (Qassem Soleimani) នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិកនៅក្នុងរដ្ឋធានីនៃប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃទី០៣ ខែមករា៕