អ៊ីរ៉ាក់ស្នើសហរដ្ឋអាមេរិកឱ្យបញ្ជូនក្រុមការងាររៀបចំការដកកងទ័ពទៅវិញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 January, 2020 ក+ ក-

អ៊ីរ៉ាក់ ៖ នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក Adel Abdel Mahdi បានសម្រេចស្នើទៅកាន់សហរដ្ឋអាមេរិក ដើម្បីឲ្យបញ្ជូនគណៈប្រតិភូមកកាន់ទីក្រុងបាដាដសម្រាប់ការចាប់ផ្តើមត្រៀមរៀបចំខ្លួនដកកងទ័ពអាមេរិកចេញពីប្រទេសរបស់លោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន CGTN។

នៅក្នុងការនិយាយតាមទូរស័ព្ទមួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo, លោក Abdel Mahdi បានដាក់សំណើឱ្យអាមេរិកបញ្ជូនប្រតិភូនានាមកកាន់ប្រទេសអ៊ីរ៉ាក់ដើម្បីកំណត់យន្តការដើម្បីអនុវត្តសេចក្តីសម្រេចចិត្តរបស់សភាសម្រាប់ការដកកងកម្លាំងបរទេសចេញពីប្រទេសអ៊ីរ៉ាក់ ក្រោយឈរជើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

កាលពីថ្ងៃអាទិត្យសប្តាហ៍មុនសភាអ៊ីរ៉ាក់ បានបោះឆ្នោតគាំទ្រឲ្យបណ្តេញកងទ័ពបរទេសទាំងអស់ចេញពីប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីអាមេរិកបានប្រើយន្តហោះដ្រូនវាយប្រហារនៅទីក្រុងបាកដាដរបស់អ៊ីរ៉ាក់ ដោយផ្តាច់ជីវិតមេទ័ពកំពូលរបស់អ៊ីរ៉ង់ លោក Qassem Soleimani ហើយការវាយប្រហារនោះក៏បានផ្តាច់ជីវិតលោក Abu Mahdi al-Muhandis ដែលជាមេកងជីវពលអ៊ីរ៉ាក់ម្នាក់ផងដែរ។

សូមជម្រាបថា កងទ័ពអាមេរិកប្រមាណ៥,២០០នាក់ កំពុងឈរជើងនៅតាមមូលដ្ឋានទ័ពពាសពេញប្រទេសអ៊ីរ៉ាក់ ដើម្បីផ្តល់ការ ហ្វឹកហាត់ក៏ដូចជាជួយកងទ័ពអ៊ីរ៉ាក់ ទប់ស្កាត់ការងើបឡើងវិញនៃក្រុមភេរវករ ISIS។ កងទ័ពអាមេរិកទាំងនោះ ស្ថិតក្នុងចំណោម កងកម្លាំងយោធាចម្រុះអន្តរជាតិ ដែលរដ្ឋាភិបាលអ៊ីរ៉ាក់បានហៅឲ្យមកជួយខ្លួនទប់ទល់ជាមួយពួក ISIS កាលពីឆ្នាំ២០១៤ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងក្រុមជីហាត៕