បារាំង និងអាមេរិក កំណត់គោលដៅរយៈពេល១៥ថ្ងៃ ដើម្បីដោះស្រាយជម្លោះពន្ធឌីជីថល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 January, 2020 ក+ ក-

បារាំង ៖ យោងតាមរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបារាំង លោក Bruno Le Maire បានឱ្យដឹងថា សហរដ្ឋអាមេរិក និងប្រទេសបារាំង បានកំណត់រយះពេល ១៥ ថ្ងៃ ដើម្បីដោះស្រាយជម្លោះ ពន្ធ លើក្រុមហ៊ុនឌីជីថល

កាលពីឆ្នាំមុន ប្រទេសបារាំងបានសម្រេចចិត្តដាក់ពន្ធ លើក្រុមហ៊ុនឌីជីថល ចំនួន ៣ ភាគរយ ដោយអះអាងថា វាជាការចាំបាច់ ដើម្បីធ្វើឱ្យក្រុមហ៊ុនអ៊ីនធឺណេតទាំងនោះ បង់ ចំណែកពន្ធរបស់ពួកគេ។ ពន្ធនេះផ្តោតលើក្រុមហ៊ុន ដែលមានប្រាក់ចំណូលប្រចាំឆ្នាំសរុប យ៉ាងហោចណាស់ ៧៥០ លានអឺរ៉ូ ស្មើនឹង៨៣៤ លានដុល្លារអាមេរិក នៅទូទាំងពិភពលោក និង ២៥ លានអឺរ៉ូ ស្មើនឹង២៨.១៥ លានដុល្លារអាមេរិក ក្នុងប្រទេសបារាំង។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក បានគំរាមដាក់ពន្ធ រហូតដល់ ១០០ ភាគរយ លើទំនិញបារាំង ដែលមានតម្លៃ ២.៤ ពាន់លានដុល្លារអាមេរិក ដើម្បីសងសឹកប្រទេសបារាំង ក្នុងនោះស្រា និងឈីស របស់បារាំងមាននៅក្នុងបញ្ជីទំនិញ ដែលត្រូវកំណត់ដាក់ពន្ធ។

អ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបើកសវនាការជាសាធារណៈ ដោយផ្តល់ឱកាសដល់ក្រុមហ៊ុននាំចូល និងក្រុមហ៊ុនបច្ចេកវិទ្យា ដើម្បីថ្លឹងថ្លែងករណីរបស់ ពួកគេ ដោយក្រុមហ៊ុននាំចូលផលិតផលបារាំង និងក្រុមហ៊ុនផលិតផលិតផលបារាំងផ្ទាល់បាននិយាយថា ការដាក់ពន្ធលើប្រទេសបារាំង នឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់អាជីវកម្មរបស់ពួកគេ។

លោក Rachael Stelly អ្នកប្រឹក្សាគោលនយោបាយ ជាមួយសមាគមឧស្សាហកម្មកុំព្យូទ័រ និងទំនាក់ទំនង បាននិយាយថា ឥឡូវនេះក្រុមហ៊ុននានា ត្រូវព្យាយាមស្វែងយល់ពីរបៀប ដើម្បីអនុវត្តតាមប្រព័ន្ធថ្មីនេះ ចាកចេញពីបទដ្ឋាន និងពន្ធ ពិភពលោក ដែលមានជាយូរមកហើយ ដូច្នេះវាមានបន្ទុករដ្ឋបាលចំពោះក្រុមហ៊ុនទាំងនេះ៕