មនុស្ស​៣​នាក់​ត្រូវបាន​សម្លាប់ ក្នុង​អំពើ​ប្លន់​​ហាង​លក់​គ្រឿងអលង្ការ​មួយ​​នៅប្រទេស​ថៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 January, 2020 ក+ ក-

​ថៃ ៖ ប៉ូលិស​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ថា ក្មេងប្រុស​អាយុ​២​ឆ្នាំ​ម្នាក់​គឺ​ស្ថិត​ក្នុងចំណោម​មនុស្ស​៣​នាក់​ដែល​ត្រូវបាន​សម្លាប់​នៅក្នុង​ប្រទេស​ថៃ​ នៅពេល​ខ្មាន់កាំភ្លើង​ពាក់​ស្រោម​មុខ​ម្នាក់​ប្លន់​ហាង​លក់​គ្រឿងអលង្ការ​មួយ​។​

​មនុស្ស​៤​នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់​នៅពេល​ជនល្មើស​ប្រើ​កាំភ្លើងខ្លី​បាញ់ប្រហារ​ដោយ​មិន​រើសមុខ​ក្នុង​ខេត្ត Lopburi កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​មុនពេល​រត់គេចខ្លួន​ជាមួយ​គ្រឿងអលង្ការ​ដែល​មានតម្លៃ​៥០០,០០០​បាត (១៦,៥០០​ដុល្លារ​)​។​

​ប៉ូលិស​ខេត្ត​បាន​ប្រាប់ AFP ថា​ អ្នក​ផ្សេងទៀត​ដែល​ត្រូវបាន​សម្លាប់​គឺជា​សន្តិសុខ​និង​អ្នកលក់​។​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​បានបង្ហាញ​អ្នក​វាយប្រហារ​សម្រុកចូល​ទៅក្នុង​ហាង​ដោយ​បើក​ការបាញ់ប្រហារ​និង​លោត​លើ​តុ​គិតលុយ​ខណៈ​ជនរងគ្រោះ​បាន​ដេក​ក្នុង​ភាពឈឺចាប់​លើ​ឥដ្ឋ​។​

​មេបញ្ជាការរង​លោក Sumeth Punsri បាន​និយាយថា ការវាយប្រហារ​ដ៏​សាហាវ​នេះ​បាន​កើតឡើង​ត្រឹម​តែមួយ​នាទី​ប៉ុណ្ណោះ​ មុនពេល​ខ្មាន់កាំភ្លើង​ឡើង​ម៉ូតូ​ជិះ​គេចខ្លួន​ទៅ​បាត់​។ បន្ទាប់ពី​ហេតុការណ៍​នេះ អាជ្ញាធរ​បានប្រកាស​ផ្តល់ប្រាក់​រង្វាន់​ចំនួន​១០០,០០០​បាត​សម្រាប់​ព័ត៌មាន​ណាមួយ​ដែល​ឈានដល់​ការចាប់ខ្លួន​ជនល្មើស​៕