អ៊ីរ៉ាក់គ្រោងបញ្ជាទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 January, 2020 ក+ ក-

អ៊ីរ៉ាក់ ៖ សមាជិកសភាអ៊ីរ៉ាក់បានអះអាងថា រដ្ឋាភិបាលកំពុងពិចារណាលើការបញ្ជាទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ី បន្ទាប់ពីយោធាអាមេរិកដឹកនាំការវាយប្រហារតាមផ្លូវអាកាសសម្លាប់មេទ័ពអ៊ីរ៉ង់ លោក កាស្សេម សូឡៃមេនី លើទឹកដីខ្លួន។

សមាជិកនៃគណៈកម្មាធិការសន្តិសុខ និងការពារជាតិនៃសភាអ៊ីរ៉ាក់លោក Karim Elaiwi បាននិយាយថា យើងកំពុងស្ថិតនៅក្នុងកិច្ចសន្ទនាជាមួយរុស្ស៊ី ពាក់ព័ន្ធនឹងរឿងទិញប្រព័ន្ធ S-400 ប៉ុន្តែពុំទាន់មានកិច្ចសន្យា ឬកិច្ចព្រមព្រៀងណាមួយត្រូវបានចុះហត្ថលេខានៅឡើយទេ។ បច្ចុប្បន្នយើងត្រូវការប្រព័ន្ធមីស៊ីលរុស្ស៊ី ជាពិសេសគឺបន្ទាប់ពីសហរដ្ឋអាមេរិកធ្វើឱ្យយើងខកចិត្តជាច្រើនដង ដោយមិនជួយពួកយើងឱ្យទទួលបានអាវុធដ៏ពិតប្រាកដ។

សូមជម្រាបថា បន្ទាប់ពីអាមេរិកដឹកនាំការវាយប្រហារតាមផ្លូវអាកាសផ្ដាច់ជីវិតមេទ័ពអ៊ីរ៉ង់ នៅក្បែរអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាកដាដ ហើយជាការសងសឹកវិញនោះ អ៊ីរ៉ង់បាញ់មីស៊ីលរាប់សិបគ្រាប់លើមូលដ្ឋានទ័ពអាម៉េរិកពីរកន្លែងនៅលើទឹកដីអ៊ីរ៉ាក់ ទើបសមាជិកសភា និងក្រុមមន្ត្រីជាន់ខ្ពស់អ៊ីរ៉ាក់ត្រូវបានគេរាយការណ៍នៅក្នុងសប្ដាហ៍នេះថា បានបើកកិច្ចចរចាឡើងវិញជាមួយរុស្ស៊ី ដើម្បីទិញ S-400 យកមកពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន៕