កាណាដា​ទទួល​ការអនុញ្ញាត​ឲ្យ​ស៊ើបអង្កេត​លើ​ករណី​ធ្លាក់​យន្តហោះ​អ៊ុយ​ក្រែ​ន​នៅ​អ៊ីរ៉ង់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 January, 2020 ក+ ក-

​អ៊ីរ៉ង់ ៖ ក្រុម​អ្នកស៊ើប​អង្កេត​កាណាដា​ដែល​កំពុងធ្វើដំណើរ​ទៅកាន់​ទីក្រុង​តេ​អេ​រ៉ង់​នៅ​ថ្ងៃ​ចន្ទ​នឹង​ទទួលបាន​ការអនុញ្ញាត​ឲ្យ​ពិនិត្យ​បំណែក​បាក់បែក​និង​ប្រអប់​ខ្មៅ​ពី​យន្តហោះ​អ៊ុយ​ក្រែ​ន​មួយគ្រឿង​ដែល​ធ្លា​ក់ដោយ​ការវាយប្រហារ​ដោយ​គ្រាប់​មី​ស៊ី​ល​កាលពី​សប្តាហ៍​មុន​។​

​ប្រធាន​ក្រុមប្រឹក្សា​សុវត្ថិភាព​ដឹកជញ្ជូន​កាណាដា (TSB) លោកស្រី Kathy Fox បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា “​យើង​មិនដឹង​ច្បាស់​ថា​តើ​ការស៊ើបអង្កេត​របស់​យើង​នឹងមាន​ទំហំ​ប៉ុនណា​នោះទេ​”​។ ទោះបីជា​យ៉ាងណាក៏ដោយ លោកស្រី​បាន​បន្ថែមថា “​មាន​សញ្ញា​ដំបូង​ដែលថា ប្រទេស​អ៊ីរ៉ង់​នឹង​អនុញ្ញាត​ឲ្យ TSB ដើរតួនាទី​សកម្ម​ជាង​អ្វីដែល​ត្រូវបាន​អនុញ្ញាត​”​។​

​អ្នកស៊ើប​អង្កេត​កាណាដា​ពីរ​នាក់​បាន​ទៅដល់​ទីក្រុង​តេ​អេ​រ៉ង់​ហើយ​បន្ទាប់មក​ពីរ​នាក់​ទៀត​នឹង​ទៅដល់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ឬ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​។ ប្រទេស​អ៊ីរ៉ង់​ដែល​កំពុង​ដឹកនាំ​ការស៊ើបអង្កេត​នៃ​ការធ្លាក់​នេះ​បាន​អញ្ជើញ​ពួកគេ​ឲ្យ​ចូលរួម​នៅក្នុង​ការទាញយក​និង​វិភាគ​សំឡេង​កាប៊ីន​យន្ដហោះ​និង​ឧបករណ៍​កត់ត្រា​ទិន្នន័យ​។ ពួកគេ​ក៏​នឹងត្រូវ​បានអនុញ្ញាត​ឲ្យ​ទៅ​មើល​កន្លែង​ធ្លាក់​និង​បំណែក​នៃ​យន្តហោះ​ដែល​កំពុង​ត្រូវបាន​រៀបចំ​ទុក​នៅ​ឃ្លាំង​ក្បែរ​នោះ​ផងដែរ​។​

​លោកស្រី Fox បានធ្វើការ​អត្ថាធិប្បាយ​ថា “​យើង​ដឹង​ពីអ្វី​ដែល​បាន​កើតឡើង​។ អ្វីដែល​យើង​មិនដឹង​នោះ​គឺថា ហេតុអ្វី​បានជា​វា​កើតឡើង​”​។ លោកស្រី​បានលើកឡើង​បែបនេះ​មុនពេល​ពិនិត្យមើល​សំណួរ​ជាច្រើន​ជុំវិញ​ការធ្លាក់​នេះ​ដែល​នៅតែ​ត្រូវការ​ចម្លើយ​។ ទាំងនោះ​រួមបញ្ចូល​ទាំង​ថា​តើ​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​គឺមាន​ចេតនា​ឬ​អត់​ហើយ​ថា​តើ​ហេតុអ្វី​បានជា​ដែនអាកាស​ត្រូវបាន​បើក​ចំពេល​មាន​ភាព​តានតឹង​កើនឡើង​នៅក្នុង​តំបន់​។​

​គួរបញ្ជាក់​ជាថ្មី​ថា យន្ដហោះ Boeing 737 របស់​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​អ៊ុយ​ក្រែ​ន​ត្រូវបាន​បាញ់​ទម្លាក់​ដោយ​មី​ស៊ី​ល​ភ្លាមៗ​ក្រោយពេល​ហោះ​ចេញពី​ទីក្រុង​តេ​អេ​រ៉ង់​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​ដោយបាន​សម្លាប់​អ្នកដំណើរ​និង​នាវិក​ទាំងអស់​១៧៦​នាក់​នៅលើ​យន្ដហោះ​។​ជនរងគ្រោះ​ចំនួន​៥៧​នាក់​គឺជា​ជនជាតិ​កាណាដា​៕