មនុស្ស​៦​នាក់​ស្លាប់ ​និង​១០​នាក់​ទៀត​បាត់​ខ្លួន ករណី​រថយន្តក្រុង​ធ្លាក់​រណ្តៅ​នៅ​ចិន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 January, 2020 ក+ ក-

ចិន ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍កាលពី​ថ្ងៃ​អង្គា​រថា រណ្តៅ​ដ៏​ធំ​សម្បើម​មួយ​បាន​លេប​ត្របាក់​រថយន្តក្រុង​មួយគ្រឿង​និង​អ្នក​ថ្មើរជើង​នៅក្នុង​ប្រទេស​ចិន​ដោយ​បង្ក​​ឲ្យ​មានការ​ផ្ទុះ​ដែល​បានសម្លាប់​មនុស្ស​ចំនួន​៦​នាក់​និង​បាត់​ខ្លួន​១០​នាក់​ទៀត​។​

​វីដេអូ​បានបង្ហាញ​មនុស្ស​នៅ​ចំណតរថយន្ត​ក្រុង​រត់​ចេញពី​ផ្លូវ​ដែល​កំពុង​បាក់ស្រុត​ខណៈ​រថយន្តក្រុង​បាន​លិច​ចូលទៅក្នុង​ដី​។ មនុស្ស​ជាច្រើន​ដោយ​រួមទាំង​កុមារ​ផងដែរ​បាន​បាត់​ខ្លួន​ទៅក្នុង​រណ្តៅ​នេះ​នៅពេល​វា​រីក​រាលដាល​។ វីដេអូ​បាន​បង្ហាញថា ឧប្បត្តិហេតុ​នៅ​ខាងក្រៅ​មន្ទីរពេទ្យ​មួយ​នេះ​ក៏បាន​បង្ក​ជាការ​ផ្ទុះ​នៅ​ខាងក្នុង​រណ្តៅ​ផងដែរ​។​

​ទូរទស្សន៍​រដ្ឋ CCTV បាន​ផ្សាយ​ថា ប្រតិបត្តិ​ការស្វែងរក​និង​ជួយសង្គ្រោះ​កំពុងដំណើរការ​ហើយ​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​កំពុងស្ថិត​ក្នុងការ​ស៊ើបអង្កេត​។ CCTV បាន​ផ្សាយ​ថា ឧប្បត្តិ​ហេតុនេះ​បានកើត​ឡើង​នៅ​ម៉ោង​ប្រហែល​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ចន្ទ​ក្នុង​ទីក្រុង Xining នៃ​ខេត្ត Qinghai​។ CCTV បន្ថែមថា មនុស្ស​ចំនួន​១៦​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​

​រណ្តៅ​ធំៗ​មិនមែនជា​រឿង​ចម្លែក​ទេ​នៅក្នុង​ប្រទេស​ចិន​ដែល​នៅ​ទីនោះ ពួកគេ​តែងតែ​ត្រូវបាន​គេ​ស្តីបន្ទោស​លើ​ការងារ​សំណង់​និង​ល្បឿន​នៃ​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស​នេះ​។​កាលពី​ឆ្នាំ​២០១៦ មនុស្ស​យ៉ាងតិច​៣​នាក់​បាន​ធ្លាក់ចូល​ក្នុង​រណ្តៅ​ដ៏​ធំ​មួយ​នៅ​ខេត្ត Henan​។​ ​ការស៊ើបអង្កេត​ដំបូង​បាន​បង្ហាញថា ការបាក់​នោះ​អាច​បណ្តាលមកពី​ទុយោ​ទឹក​ដែល​កប់​នៅក្រោម​ផ្លូវ​ដែល​បែក​ដោយសារ​ភ្លៀង​ធ្លាក់​៕