អាមេរិក-ចិន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មដំណាក់កាលទី១​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 January, 2020 ក+ ក-

អាមេរិក ៖ បន្ទាប់ពី​ជម្លោះ​ជិត​ពីរ​ឆ្នាំ​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំង​២ ពេលនេះសហរដ្ឋអាមេរិក និង​ប្រទេស​ចិន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​១ ដើម្បី​ឲ្យ​សេដ្ឋកិច្ច​នៅ​ជុំវិញ​ពិភពលោក​មាន​ដង្ហើម​ឡើងវិញ​។ ​នេះ​បើ​យោងតាម​ប្រភពពី CNA ។​

​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ និង​តំណាង​រដ្ឋាភិបាល​ចិន​លោក លីវ ហ៊ី (Liu He) ធ្វើការ​ចុះហត្ថលេខា​ទទួល​ស្គាល់ជា​ផ្លូវការ​កាលពី​ម្សិលមិញ ​(​ពេលវេលា​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​)

​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ក្រុមអ្នកវិភាគ​មើលឃើញថា ជាការ​ផ្តល់​ផលប្រយោជន៍ដល់​លោក ដូ​ណា​ល់ ត្រាំ ដែល​កំពុង​ប្រឈម​នឹង​ការចោទប្រកាន់ដើម្បី​ដកតំណែង​ប្រធានាធិបតី និង​ការតស៊ូ​ដ៏​ស្វិតស្វាញ​របស់លោកសម្រាប់​ការបោះឆ្នោត​អាណត្តិ​ថ្មី​នៅ​ចុង​ឆ្នាំនេះ​។​

​ចំណែក​លោក លីវ ហ៊ី បាន​និយាយថា កិច្ចព្រមព្រៀង​នេះ​នឹង​ការពារ​សន្តិភាព ព្រមទាំង​វិបុលភាព​របស់​សកលលោក​។ ​ប្រទេស​ចិន​នឹង​បន្តធ្វើ​កំណែទម្រង់ ព្រមទាំង​ការបើក​ទូលាយ​បន្ថែមទៀត​។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តំណាក់កាល​ទី ១ មាន​សារៈសំខាន់​ទាំង​ទៅលើ​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ ហើយ​វា​ពិតជា​ឆ្លើយតប​ទៅនឹង​ក្តីកង្វល់​នៃ​ភាគី​ទាំងពីរ​៕