ខេត្តកំពត៖សង្វៀនជល់មាន់មួយកន្លែងនៅស្រុកបន្ទាយមាស សមត្ថកិច្ច និងអាជ្ញាធរបើកឲ្យលេងដោយសេរីជាយូរខែមកហើយ។ការរិះគន់បែបនេះ បន្ទាប់ពីគេមើលឃើញថា គ្មាននរណាទៅបង្ក្រាបសោះ ឃើញតែទៅសុំលុយពីម្ចាស់សង្វៀនប៉ុណ្ណោះ។
អ្នកឆ្លើយឆ្លងព័ត៌មានបានរាយការណ៍ថា ម្ចាស់សង្វៀនជល់មាន់មានឈ្មោះង៉ែត រំ ជាមេបញ្ជារការរងប៉េអឹម ស្រុកបន្ទាយមាស បានមកជួលដីអ្នកភូមិម្នាក់មានទីតាំង នៅភូមិត្នោតចុងស្រង ឃុំត្នោត ស្រុកបន្ទាយមាស។
សារព័ត៌មាន មេគង្គប៉ុស្តិ៍ បានភ្ជាប់ទូរស័ព្ទទៅលោក មួង នឿន អភីបាលស្រុកបន្ទាយមាស ដើម្បីសុំការឆ្លើយតបចំពោះករណីចោទប្រកាន់ថា លោកអភិបាល និងលោកប៉េអឹម ឈ្មោះង៉ែត រំ បើកសង្វៀនជល់មាន់មួយកន្លែងនៅភូមិត្នោតចុងស្រង ឃុំត្នោត ស្រុកបន្ទាយមាស ខេត្តកំពត ត្រូវលោកអភិបាលស្រុកបញ្ជាក់ថា ចាំលោកឲ្យកម្លាំងចុះទៅមើលជាក់ស្តែងសិន។
មន្ត្រីមូលដ្ឋានមួយរូបបានបញ្ជាក់ឲ្យដឹងថា សង្វៀនជល់មាន់មួយកន្លែងនេះឈ្មោះ ង៉ែត រំ មេបញ្ជាររងប៉េអឹម ស្រុកបន្ទាយមាស ជាអ្នករត់ការបើកលេងយ៉ាងអនាធិតេយ្យបែបនេះយូរខែឆ្នាំកន្លងមកហើយ គ្មានអ្នកណាទៅបង្ក្រាបនោះទេ។
ករណីមិនបង្ក្រាបសំបុកល្បែងស៊ីសងរបស់មេរងប៉េអឹមខាងលើនេះ មានអ្នកខ្លះលើកឡើងថា មិនមែចៅហ្វាយខេត្តមិនដឹងនោះទេ តែគេមិនចង់ប៉ះពាល់ ។ប៉ុន្តែអ្នកខ្លះទៀត បានលើក ឡើងថា អ្នកដែលមានសិទ្ធិអំណាចក្នុងការបង្ក្រាបបានទទួលសំណូកគ្រប់គ្នា ចំណែកមន្ត្រីជំនាញតូចតាចតាមភូមិនាំគ្នាទៅសុំតែលុយកាហ្វេប៉ុណ្ណោះ៕ដោយ៖ អ៊ួង វរិន្ទ