ហ្វីលីពីន​ប្រកាស​ផ្អាក​ការផ្តល់​ទិដ្ឋាការ​ដល់​ជនជាតិ​ចិន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 January, 2020 ក+ ក-

ហ្វីលីពីន ៖ ការិយាល័យ​ជនអន្តោប្រវេសន៍​ហ្វីលីពីន បានប្រកាស​ផ្អាក​ការផ្តល់​ទិដ្ឋាការ​បណ្ដោះ អាសន្ន​ដល់​ជាតិ​ជន​ចិន ដែល​ចូលមក​ប្រទេស​ហ្វីលីពីន ដើម្បី​ជួយ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ​។ ​នេះ​បើ​យោងតាម​ប្រភពពី CNA ។​

​ប្រធានការិយាល័យ​អន្តោប្រវេសន៍​ហ្វីលីពីន លោក Jaime Morente បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​យើង​កំពុង​ចាត់វិធានការ​ចាំបាច់​នានា ដើម្បី​ទប់ស្កាត់​ការរីក​សាយ និង​មិនឱ្យ​វីរុស​កូ​រ៉ូ​ណា 2019-nCov ចូលមកក្នុង​ប្រទេសរ​បស់​យើង​… ដូច្នេះ​យើង​នឹង​ផ្អាក​ការផ្ដល់​ទិដ្ឋាការ​ទេសចរណ៍ ចូលមកក្នុង​ប្រទេស​ហ្វីលីពីន សម្រាប់​ជនជាតិ​ចិន​ជា​បណ្ដោះអាសន្ន​

​ការផ្ទុះ​ឡើង​នៃ​វីរុស​នេះ​បានចាប់ផ្តើម​នៅ​ទីក្រុង Wuhan ភាគ​កណ្តាល​ប្រទេស​ចិន​កាលពី​ខែធ្នូ ខណៈ​នាពេល​បច្ចុប្បន្ននេះ​វីរុស​កូ​រ៉ូ​ណា​បានសម្លាប់​មនុស្ស​កើន​ដល់ ១០៦​នាក់​ហើយ និង​ជាង ៤,៥១៥​នាក់​ទៀត​បាន​ឆ្លង​នៅក្នុង​ប្រទេស​ចិន ខណៈ​ប្រទេស​ចំនួន ១៥ ក៏បាន​រាយការណ៍​ពី​ករណី​ផ្ទុះឡើង​នៃ​វីរុស​នេះដែរ គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។

​ករណី​ទាំងនេះ​ក៏ត្រូវ​បានបញ្ជាក់​នៅក្នុង​ប្រទេសផ្សេងៗក្រៅពីចិន ដូចជាប្រទេស៖

២៖ ថៃ៖ ០៨ករណី
៣៖ អូស្ត្រាលី៖ ០៥ករណី
៤៖ សិង្ហបុរី៖ ០៥ករណី
៥៖ សហរដ្ឋអាមេរិក៖ ០៥ករណី
៦៖ ជប៉ុន៖ ០៤ករណី
៧៖ ម៉ាឡេស៊ី៖ ០៤ករណី
៨៖ កូរ៉េខាងត្បូង៖ ០៤ករណី
៩៖ បារាំង៖ ០៣ករណី
១០៖ កាណាដា ០២ករណី
១១៖ វៀតណាម៖ ០២ករណី
១២៖ កម្ពុជា ០១ករណី
១៣៖ អាល្លឺម៉ង់ ០១ករណី
១៤៖ នេប៉ាល់៖ ០១ករណី
១៥៖ ស្រីលង្កា ០១ករណី