ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាកើនដល់១៣២នាក់ និងឆ្លងកើនដល់ជិត៦០០០ករណី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 January, 2020 ក+ ក-

ប៉េកាំង ៖ អាជ្ញាធរសុខាភិបាលចិនបានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃពុធនេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់១៣២នាក់ហើយ ខណៈមនុស្សចំនួន៥៩៧៤នាក់ទៀតឆ្លង។ នេះបើតាមសារព័ត៌មានចិន CGTN។

អាជ្ញាធរសុខាភិបាលរបស់ចិនបានអះអាងថា អ្នកសង្ស័យឆ្លងមេរោគកូរ៉ូណានេះ អាចមានការកើនឡើងទៀតរហូតដល់ជាង៩ពាន់នាក់ ខណៈបច្ចុប្បន្ននេះអ្នកជំងឺប្រមាណ១២៣៩នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ដោយឡែកបើតាមអាជ្ញាធរនៃខេត្តហ៊ូប៉ី (Hubei) និងទីក្រុងអ៊ូហាន (Wuhan) ដែលជាចំណុចស្នូល នៃការផ្ទុះវីរុសកូរ៉ូណាបានរាយការណ៍ថា មនុស្សសរុប២៥នាក់បន្ថែមទៀតបានស្លាប់ និងជាង៨០០ករណីទៀតបានឆ្លង ដែលជាហេតុធ្វើឲ្យអ្នកឆ្លងនៅទូទាំងប្រទេសចិន កើនឡើងរហូតដល់ជិត៦០០០នាក់។

ក្រៅពីប្រទេសចិន មិនទាន់មានប្រទេសណាផ្សេងទៀត បានរាយការណ៍អំពីករណីស្លាប់ដោយសារវីរុសកូរ៉ូណានោះឡើយ ខណៈប្រទេសមួយចំនួនបានព្យាយាមព្យាបាលអ្នកឆ្លងឲ្យបានធូរស្រាលឡើងវិញផងដែរ។ ប្រទេសមួយចំនួនទៀតដូចជា រុស្ស៊ី និងអង់គ្លេសជាដើម ក៏បានធ្វើការត្រួតពិនិត្យសុខភាពពលរដ្ឋមួយចំនួន ដែលគេសង្ស័យថា អាចមានផ្ទុកវីរុសនេះដែរ ប៉ុន្តែជាលទ្ធផលគឺពួកគេទាំងនោះត្រឹមតែផ្តាសាយធម្មតា និងគ្មានផ្ទុកវីរុសកូរ៉ូណានោះឡើយ៕