អ្នក​ស្លាប់​ដោយ​សារ​វីរុសកូរ៉ូណា​កើន​ដល់២១៣​នាក់ ខណៈ​មនុស្ស​ជិត១ម៉ឺន​នាក់​​បាន​ឆ្លង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 January, 2020 ក+ ក-

ចិន ៖  យោង​តាម​តួលេខ​ផ្លូវ​ការ​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ឲ្យ​ដឹង​ថា ​ចំនួន​អ្នក​បាត់​បង់ជីវិត​នៅ​ទូទាំង​ប្រទេស ​ដោយសារ​កា​រ​ផ្ទុះ​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​របស់​ប្រទេស​ចិន បាន​កើន​ឡើង​ដល់ ២១៣​នាក់ និង​ជិត ១ម៉ឺននាក់​បាន​ឆ្លង​។ នេះបើយោងតាមសារព័ត៌មាន CNA។

​​ក្នុង​របាយការណ៍​វិវឌ្ឍ​ប្រចាំថ្ងៃ​របស់គណៈកម្មាធិការ​សុខភាព​ជាតិ​របស់​​ចិនបាន​និយាយ​ថា​ ការ​បាត់​បង់ជីវិត​ថ្មី​ចំនួន៤៣​នាក់​ទៀតបាន​កើត​ឡើង​ដោយសារ​វីរុស​នេះ ទាំងអស់​លើកលែងតែ​ម្នាក់​នៅ​ក្នុង​ខេត្ត​ហ៊ូ​ប៉ី​ដែល​រងគ្រោះ​ខ្លាំង​បំផុត ជាទី​ដែល​វីរុស​នេះ​ចាប់ផ្ដើម​ផ្ទុះ​ជា​លើកដំបូង​។​ គណៈកម្មាធិការ​នេះបាន​និយាយ​ថា មានការ​ឆ្លង​ថ្មី​ជិត២ពាន់​ករណី​ត្រូវ​បាន​បញ្ជាក់​ ដែល​នាំ​ឱ្យ​មាន​ករណី​ឆ្លង​សរុប​ក្នុង​ប្រទេស​ឡើង​ដល់​ជាង ៩.៦០០​ករណី​។

សូមជម្រាបថា តួលេខ​ថ្មី​នេះ​បាន​កើតឡើង​ប៉ុន្មាន​ម៉ោង​ បន្ទាប់ពី​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ប្រកាស​ភាព​អាសន្ន​សកល​លើ​ធាតុ​បង្ក​ជំងឺ ដែល​បាន​រាលដាល​ដល់​ប្រទេស​មួយ​ចំនួន​នៅ​ជុំវិញ​ពិភព​លោក​៕