ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific បន្ថយជើងហោះហើរ៣០% ទៅកាន់ប្រទេសចិន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 February, 2020 ក+ ក-

បរទេស ៖ នាយកប្រតិបត្តិក្រុមហ៊ុន បាននិយាយថា ក្រុមហ៊ុន Cathay Pacific Airways Ltd របស់ទីក្រុងហុងកុង គ្រោងនឹងកាត់បន្ថយប្រហែល ៣០ ភាគរយ នៃសមត្ថភាពរបស់ក្រុមហ៊ុន ក្នុងរយៈពេល ២ ខែខាងមុខ រួមទាំងការហោះហើរប្រមាណ ៩០ភាគរយ ទៅកាន់ប្រទេសចិនដីគោក។

ទីក្រុងហុងកុង បានរាយការណ៍ពីការស្លាប់ដំបូង ដោយសារវីរុសកូរ៉ូណា កាលពីថ្ងៃ អង្គារ ដែលជាករណីស្លាប់ទី ២ នៅខាងក្រៅប្រទេសចិន ដោយសារការផ្ទុះ ឡើងជំងឺ ដែល បានសម្លាប់មនុស្ស ៤៩០ នាក់។

នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Cathay លោក Augustus Tang បានប្រាប់ បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ថា នឹងបន្តឃ្លាំមើលស្ថានការណ៍ និងកែសម្រួលសមត្ថភាព ក្រុមហ៊ុនម្តងទៀត ប្រសិនបើចាំបាច់។

លោក Tang បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ នឹងប្រកាសពីវិធានការបន្ថែម ទៀត ដើម្បីជួយឱ្យក្រុមហ៊ុននេះ ឆ្លងកាត់ស្ថានភាពនាពេលខាងមុខ ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ៕