WHO ដាក់ឈ្មោះ​ជា​ផ្លូវការឲ្យ​វីរុស​កូ​រ៉ូ​ណា​ថ្មី​ថា «Covid-19»
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 February, 2020 ក+ ក-

ហ្សឺ​ណែវ​ ៖ ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus កាលពី​ថ្ងៃ​អង្គារ​បានប្រកាស​អំពី​ការដាក់ ឈ្មោះ​ជា​ផ្លូវការ​ឲ្យ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ថា «Covid-19»​ដែល​កន្លងមក​មាន​ត្រឹម​ឈ្មោះ​សម្គាល់​បណ្តោះអាសន្ន​ថា 2019-nCoV​។​

​បើតាម​លោក Tedros ក្នុងនោះ Co និង Vi គឺ​តំណាង​ឲ្យ​ពាក្យ «​កូ​រ៉ូ​ណាវី​រុស (Coronavirus) ឬ វីរុស​កូ​រ៉ូ​ណា​» រីឯ D តំណាង​ឲ្យ​ពាក្យ​ថា «​ជំងឺ (Disease)» ហើយ​លេខ 19 តំណាង​ឲ្យ​ឆ្នាំ​២០១៩ ជា​ពេលដែល​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ ត្រូវបាន​រកឃើញ​ជា​លើកដំបូង​។​

​លោក​ប្រមុខ​អង្គការ WHO បាន​គូសបញ្ជាក់ថា ឈ្មោះ​ផ្លូវការ «Covid-19» នេះ គឺ​មិនមាន​ភ្ជាប់​ទៅនឹង​ទីតាំង​ភូមិសាស្ត្រ សត្វ ក្រុម​បុគ្គល ឬ​ជាតិ​សាសន៍​ណាមួយ​ឡើយ ដែល​វា​ជា​កត្តា​ប្រសើរ​បំផុត ហើយ​ងាយស្រួល​ហៅ​ថែម​ទៀតផង​គឺ «​ខូ​វីដ​-១៩»​។​

​គួរ​បញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា​ថ្មី​ដែល​បាន​ផ្ទុះឡើង​ដំបូង​ចេញពី​ទីក្រុង Wuhan នៃ​ខេត្ត Hubei ភាគ​កណ្តាល​ប្រទេស​ចិន កាលពី​ចុងឆ្នាំ ២០១៩​ថ្មីៗ​នេះ​ដែល​បណ្ដាល​ឲ្យ​ជាង​១០០០​នាក់​ស្លាប់​និង​ជាង​៤​ម៉ឺន​នាក់​ឆ្លង​នៅ​ទាំង​ពិភពលោក​៕