ភ្នំពេញ៖ លោកឧកញ៉ា សុខ ប៊ុន ដែលបានប្រើអំពើហិង្សា វាយទាត់ធាក់ លើអតីតពិធីការិនីទូរទស្សន៍ ស៊ីធីអិន កញ្ញា ឯក សុជាតា ហៅ សាសា បានប្រកាសលាលែងពីប្រធានសមាគម ប្រធានក្រុមហ៊ុន លាឈប់ពីងារជាឧកញ៉ា និងសងប្រាក់ ១០ ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ដើម្បីព្យាបាលសុខភាពរបស់កញ្ញា សាសា។
សេចក្តីបំភ្លឺជូនសាធារណជនរបស់លោក សុខ ប៊ុន ដែលមេធាវី យិន សុក បានបោះត្រា ស៊ីញ៉េ ទទួលស្គាល់ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥នេះ បង្ហាញថា លោក សុខ ប៊ុន ប្រកាសលាឈប់ពីប្រធានសមាគមវាយតម្លៃអចលនវត្ថុ លាឈប់ពីប្រធានក្រុមហ៊ុន TEHO-SBG Development Co., Ltd. និងលាឈប់ពីងារជាឧកញ៉ា។ ក្នុងនោះ លោក សុខ ប៊ុន ក៏សុខភាពផ្តល់លុយ ១០ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ដើម្បីព្យាបាលសុខភាពរបស់កញ្ញា សាសា ផងដែរ។
គួររំលឹកថា អតីតពិធីការិនីCTN នាង ឯក សុជាតា ហៅសាសា ដែលរងការវាយដំពីឧកញ៉ាសុខ ប៊ុន បានត្រឡប់មកពីពិនិត្យភ្នែក និងមើលស្នាមរបួសពីប្រទេសថៃវិញហើយ កាលពីថ្ងៃទី១៣ កក្កដា វេលាម៉ោងប្រមាណជា១២ថ្ងៃត្រង់។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺនាងប្រកាសថាចង់បានសំណងជំងឺចិត្តរហូតដល់៥លានដុល្លារ និងបានប្រកាសថាបើទោះជាខាងតុលាការសម្រេចនាងបានសំណង ប៉ុន្មានក៏ដោយ ក៏នឹងប្រគល់៥០ភាគរយដាច់ខាត ជួយដល់សង្គម និងមូលនិធិស្ត្រីរងគ្រោះ។
ការប្រើហិង្សាមកលើកញ្ញាសាសាបានកើតឡើងតាំងពីយប់ថ្ងៃ១ឈាន ចូលព្រឹកថ្ងៃទី២ ខែកក្កដា ប៉ុន្តែសាសាអះអះអាងមកពីការដាក់ពាក្យបណ្ដឹងមិនទទួលបាន ប្រតិកម្មតបតាមការចង់បាន ទើបនាំឲ្យមានការបង្ហោះជាវីដេអូឃ្លីបធ្វើឲ្យមានការភ្ញាក់ផ្អើល តែម្ដង។
នាង សាសា បានផ្តល់កិច្ចសម្ភាសន៍តាមទូរស័ព្ទបន្ទាប់ពីចុះពីលើយន្តហោះថា ស្ថាននភាពមុខរបួសរបស់នាងមិនមានបញ្ហាស្នាកស្នាមលើផ្ទៃមុខ និងជាំរង្វង់ភ្នែកដូចមុនទៀតទេ ប៉ុន្តែអ្វីដែលនៅជាបញ្ហាចោទ គឺនៅស្រវាំងភ្នែក និងហឹងត្រចៀកនៅឡើយ។
នាងគ្រោងទៅជួបក្រុមគ្រូពេទ្យថៃជាថ្មីម្ដងទៀតក្នុងពេលដ៏ខ្លី ប្រសិនបើស្ថានភាពនេះនៅមានបញ្ហា។ អតីតតារារូបនេះនិយាយថា«អ្នកខ្លះថាខ្ញុំទៅព្យាបាលនៅ សិង្ហបុរី និងខ្លះថាខ្ញុំនៅចរចាជាសម្ងាត់ជាមួយម្នាក់ហ្នឹង(ឧកញ៉ាសុខ ប៊ុន) ប៉ុន្តែខ្ញុំទៅបាងកកទេ ហើយខ្ញុំសូមជម្រាបថាអត់មានអីជាសម្ងាត់ទេ ទោះជាគាត់ត្រូវបង់សំណងឲ្យខ្ញុំ ក៏មិនអាចគេចផុតពីទោសព្រហ្មណ្ឌបានដែរ »។
យោងតាមលិខិតដដែល លោក សុខ ប៊ុន បានស្នើសុំចូលរួមជាវិភាគទានជួយព្យាបាលដល់កញ្ញាសាសាចំនួន១ ០ម៉ឺនដុល្លារ និងបានស្នើសុំការយោគយល់ឈប់ប្រកាន់ និងមិនសងសឹកពីក្រុមគ្រួសាររបស់កញ្ញាសាសា។ លិខិតបញ្ជាក់ថា៖«ខ្ញុំ បាទសូមចូលរួមវិភាគទានដើម្បីព្យាបាលសុខភាព និងដោះស្រាយជីវភាព ចំនួន១០ម៉ឺនដុល្លារអាមេរិកជូនចំពោះកញ្ញាសាសា ទោះបីច្បាប់កំណត់ត្រឹម៦លានទៅ១០លានរៀលក្តី។ ខ្ញុំសូមការយោគយល់ ការឈប់ចោទប្រកាន់គ្នា និងការមិនសងសឹកគ្នាពីកញ្ញាសាសា និងក្រុមគ្រួសារ»។
លោក សុខ ប៊ុន ក៏បានប្រកាសសុំអធ្យាស្រ័យពីស្ថាប័នតុលាការ ដើម្បីទុកពេលឲ្យលោកព្យាបាលជំងឺស្ត្រេស ដែលលោអះអាងថាលោកមានជំងឺនេះធ្ងន់ធ្ងរ និងទុករាល់ការងារនីតិវិធីច្បាប់ជូនមេធាវីរបស់លោក។ លោកក៏អំពាវនាវឲ្យសាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចពិនិត្យករណីនេះដោយប្រុងប្រយ័ត្ន និងផ្សះផ្សារដោយស្មោះត្រង់ចំពោះគូជម្លោះទាំងពីរ។
ជុំវិញលិខិតបំភ្លឺជូនសាធារណជនរបស់លោក សុខ ប៊ុន នៅថ្ងៃនេះ មិនទាន់មានអត្ថាធិប្បាយបែបណាពីពិធីការិនី សាសា នៅឡើយទេ។
ក្រៅពីជាប់បណ្តឹងជាមួយនាងសាសា ឧកញ៉ា សុខ ប៊ុន បានរងនូវបណ្តឹងមួយទៀត ដែលក្រសួងមហាផ្ទៃបានទម្លាយឲ្យដឹងនៅព្រឹក ថ្ងៃទី១៤កក្កដានេះថា លោកឧកញ៉ា សុខ ប៊ុន បានរងនូវបណ្តឹងមួយផ្សេងទៀតពីស្ត្រីជនជាតិជប៉ុនជាថៅកែហាងដែលជាមិត្តភក្តិកញ្ញា ឯក សុជាតា ហៅ សាសា ពីបទរំលោភសេពសន្ថវៈ។
ប្រភពក្រៅផ្លូវការបានឲ្យដឹងថា ស្ត្រីជនជាតិជប៉ុនរូបនេះ ធ្លាប់ត្រូវបានលោកឧកញ៉ាស្រវឹងចាប់យកទៅរំលោភធ្វើបាបម្តងរួចមកហើយ។
ពាក់ព័ន្ធនឹងបញ្ហានេះ មិនអាច ទាក់ទងពីឧកញ៉ាសុខ ប៊ុន បានទេដោយទូរស័ព្ទ ត្រូវបានបិទ៕ដោយ៖រដ្ឋា