អាជ្ញាធរជំរុញការត្រួតពិនិត្យនៅតាមការដ្ឋានសំណង់ធំៗ និងអគារខ្ពស់ៗ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 February, 2020 ក+ ក-

ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានធ្វើការណែនាំអោយអភិបាលខណ្ឌ ទាំង១៤ ធ្វើការយកចិត្តទុកដាក់ អោយបានម្មត់ចត់លើកិច្ចការត្រួតពិនិត្យ នៅតាមការដ្ឋានសំណង់ធំៗជាពិសេសអគារខ្ពស់ និងគ្មានច្បាប់អនុញ្ញាត្តិត្រឹមត្រូវ ដើម្បីធានាបាននូវសុវត្តិភាពជៀសវាងការសាងសង់សំណង់ ខុសបច្ចេកទេស ដែលអាចមានបញ្ហាកើតឡើងជាយថាហេតុ។

ការណែនាំរបស់អភិបាលរាជធានីភ្នំពេញ ធ្វើឡើងនៅក្នុងកិច្ចប្រជុំ ស្តីពី ការពង្រឹងគុណភាព សុវត្ថិភាព ការដ្ឋានសំណង់ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដែលមានការចូលរួមពីអាជ្ញាធពាក់ព័ន្ធ រួមទាំងអភិបាលខណ្ឌទាំង១៤ផងដែរ ។

លោក ឃួង ស្រេង ក៏បានជំរុញអោយអាជ្ញាធរគ្រប់ខណ្ឌ ត្រូវចុះពិនិត្យមើលរាល់ការដ្ឋានសាង់សង់ក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសអគារខ្ពស់ៗ ដែលកន្លងមកធ្លាប់មានបញ្ហាធ្លាក់និងបាក់ដងស្ទូចសំរាប់យោងសម្ភារៈឡើងទៅខាងលើការដ្ឋាន ជាហេតុនាំអោយមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ។

លោក អភិបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា រាល់ការដ្ឋានសំណង់ទាំងអស់ ក្នុងរាជធានីភ្នំពេញ ត្រូវធានាឱ្យបានពីគុណភាពសំណង់ សុវត្ថិភាពអ្នកធ្វើដំណើរ ដែលឆ្លងកាត់ការដ្ឋាន និងត្រូវហ៊ុព័ទ្ធការដ្ឋានឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេសសំណង់ ជាពិសេសកម្មករ កម្មការិនី មិនត្រូវអនុញ្ញាតិអោយសំរាក នៅក្នុងការដ្ឋានជាដាច់ខាត រាល់ពេលបញ្ចប់ម៉ោងការងារ ជៀសវាងគ្រោះថ្នាក់ដោយយថាហេតុណាមួយកើតឡើង៕