កំពត៖ ពលរដ្ឋរស់នៅជុំវិញផ្សារ និងក្រុមអាជីវករលក់ដូរក្នុងផ្សារកំពង់ត្រាចបានត្អូញត្អែរពីការប៉ះពាល់សុខភាពដែលបង្កឡើងពីសំរាមរលួយស្អុយដូចគំរង់ដោយសារអ្នកគ្រប់គ្រងផ្សារមិនគិតគូរដឹកចេញយកទៅកម្ទេចចោលនោះទេ គឺប្រឹងប្រែងប្រមូលតែលុយភាស៊ីប៉ុណ្ណោះ។
អាជីវករនិងពលរដ្ឋនៅផ្សារទីរួមស្រុកកំពង់ត្រាចក្នុងខេត្តកំពត ផ្សារមួយនេះកំពុងរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជា ពលរដ្ឋដែលរស់នៅជុំវិញផ្សារនិងក្រុមអាជីវករលក់ដូរនៅក្នុងផ្សារទៅលើ។
លោក ហាម បាវ អនុប្រធានផ្សារទទួលគ្រប់គ្រងក្នុងផ្សារស្រុកកំពង់ត្រាចនេះត្រូវបានរងការចោទថាលោកអនុប្រធានគ្រប់គ្រងផ្សាររូបនេះដឹងតែប្រមូលកើបលុយហូតភាស៊ីមិនឲ្យខ្វះសូម្បីតែមួយកាក់ពីក្រុមអាជីវករនាពេលសព្វថ្ងៃនេះ។
ប៉ុន្តែបញ្ហាការរៀបចំផ្នែកសំអាតអនាម័យទាំងនៅក្នុងផ្សារក៍ដូចជានៅជុំវិញផ្សារលោកប្រធានគ្រប់គ្រងផ្សាររូបនេះពុំបានគិតគូរពីការប៉ះពាល់សុខភាពដល់ប្រជាពលរដ្ឋទូទៅនោះឡើយ។ សំរាមត្រូវបានក្រុមអាជីវករលក់ដូរក្នុងផ្សារប្រមូលពីក្នុងផ្សារជំនួសកម្មករផ្សារមកដាក់នៅក្រៅផ្សារដោយខ្លួនឯងបង្កការងាយស្រួលឲ្យអ្នកគ្រប់គ្រងផ្សារយករថយន្តដឹកយកទៅចាក់ចោលតែមិនដឹកទុកចោល ។
លោក ហាម បាវ ថ្លែងថាមូលហេតុដែលសំរាមនៅគរជុំវិញផ្សារគឺបណ្ដាលមកពីប្រជាពលរដ្ឋនិងក្រុមអាជីវករមិនព្រមសហការជាមួយនិងលោក បើប្រជាពលរដ្ឋមិនជួយឧបត្ថម្ភថវិការដើម្បីលោកជួលរថយន្តដឹកយកទៅចាក់ចោលតើឲ្យលោកបានប្រាក់ពីណាសំរាប់ឲ្យថ្លៃឈ្នួលរថយន្តដឹក។
លោក ហាម បាវបានឲ្យដឹងទៀតថា សំរាមមិនមែនតែអាជីវករប្រមូលចេញពីក្នុងផ្សារមកចាក់នៅខាងក្រៅផ្សារប៉ុណ្ណោះទេសូម្បីតែប្រជាពលរដ្ឋដែលនៅក្រៅផ្សារក៍យកសំរាមតាមផ្ទះមកចាក់នៅលើគំនរនេះដែរ៕ដោយះអ៊ួង វរិន្ទ