អាជ្ញាធរចិន ៖ មនុស្សសរុប១៤,៣៧៦នាក់ជាសះស្បើយពី COVID-19
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 February, 2020 ក+ ក-

ប៉េកាំង ៖ អាជ្ញាធរសុខាភិបាលចិនបានប្រកាសឱ្យដឹងថា អ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 សរុបចំនួន១៤,៣៧៦នាក់ហើយត្រូវបានក្រុមគ្រូពេទ្យ អនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេជាសះស្បើយទាំងស្រុង។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

យោងតាមគណៈកម្មការសុខាភិបាលជាតិចិនបានបញ្ជាក់ថា ពេញមួយថ្ងៃចន្ទម្សិលមិញនេះ មនុស្សចំនួន ១,៨២៤នាក់ បន្ថែមទៀតបានចាកចេញពីមន្ទីរពេទ្យ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងដល់ ១៤,៣៧៦នាក់ដូចខាងលើ។

តាមគណៈកម្មការខាងលើនេះថា អ្នកជំងឺ COVID-19 ចំនួន ១១,៩៧៧នាក់ កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ និង ៥,២៤៨នាក់កំពុងស្ថិតនៅក្នុងការពិនិត្យនៅឡើយ ដោយសារសង្ស័យថា អាចឆ្លងវីរុស COVID-19។ ដោយឡែកកាលពីថ្ងៃពុធម្សិលមិញដដែល មនុស្សរហូតដល់ ២៥,០១៤នាក់បានចាកចេញពីមណ្ឌលត្រួតពិនិត្យនានា ក្រោយពីពួកគេ មិនត្រូវបានរកឃើញថា មានផ្ទុកមេរោគ COVID-19 នោះឡើយ។

សូមជម្រាបថា បើតាមតួលេខចុងក្រោយបញ្ចេញដោយរដ្ឋាភិបាលចិនចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 កើនឡើងដល់ ២,០០៤នាក់ ខណៈ ៧៤,១៨៥នាក់ឆ្លងនៅតាមបណ្តាខេត្ត និងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន៕