អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​ម្នាក់​ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ​១៧​ឆ្នាំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 February, 2020 ក+ ក-

​កូរ៉េខាងត្បូង ៖ អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Lee Myung-bak ត្រូវបាន​គេ​នាំទៅ​ពន្ធនាគារ​កាលពី​ថ្ងៃ​ពុធ ទី១៩ ខែកុម្ភៈ ដើម្បី​ចាប់ផ្តើម​ដាក់ទោស​រយៈពេល១៧ឆ្នាំ​ពីបទ​ទទួល​សំណូក និង​ការលួចបន្លំ​ថវិកា បន្ទាប់ពី​ចាញ់​បណ្តឹងឧទ្ធរណ៍​ប្រឆាំងនឹង​ការកាត់ទោស​ស្រាល​ជាង​នេះ។​

​លោក Lee ដែល​កាន់តំណែង​ពី​ឆ្នាំ ២០០៨ ដល់​ឆ្នាំ ២០១៣ ត្រូវបាន​ជាប់ពន្ធនាគា​រ​រយៈពេល​ខ្លី​កាលពី​ឆ្នាំ ២០១៨ បន្ទាប់ពី​ត្រូវបាន​ផ្តន្ទាទោស​រយៈពេល ១៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ១៣ ពាន់​លាន​វ៉ុ​ន (១១ លាន​ដុល្លារ​អាមេរិក​) ប៉ុន្តែ​ត្រូវបាន​ធានា​ឲ្យ​នៅក្រៅ​ឃុំ ខណៈពេលដែល​គាត់​បាន​ប្តឹង​ឧទ្ធរណ៍។​

​គាត់​ត្រូវបាន​គេ​រកឃើញថា​មាន​កំហុស​ពីបទ​បង្កើត​មូលនិធិ​រាប់លាន​ដុល្លារ និង​ទទួល​សំណូក​ពី​ក្រុមហ៊ុន Samsung Electronics ជា​ថ្នូរ​នឹង​ការលើកលែងទោស​ប្រធាន​របស់ខ្លួន​គឺ​លោក Lee Kun-hee ដែល​ត្រូវបាន​ជាប់ពន្ធនាគារ​ពីបទ​គេចពន្ធ។​

​នៅក្នុង​សវនាការ​នៅ​ថ្ងៃ​ពុធ​តុលាការ​ជាន់ខ្ពស់​ក្រុង​សេ​អ៊ូ​ល​បានចេញ​បញ្ជា​ឲ្យ​ដាក់ទោស​ធ្ងន់​ជាង​នេះ​ដោយ​និយាយថា “​លោក Lee មិនបាន​បង្ហាញ​សញ្ញា​នៃ​វិប្បដិសារី ឬ​អារម្មណ៍​នៃ​ការទទួលខុសត្រូវ​ចំពោះ​កំហុស​របស់គាត់​ឡើយ​” ។​តុលាការ​បាន​និយាយថា លោក​ក៏បាន​បន្ទោស​មន្ត្រីរាជកា​រ​ដែល​លោក​បានធ្វើការ​ជាមួយ និង​បុគ្គលិក​ក្រុមហ៊ុន Samsung ផងដែរ។​

​ប្រធានាធិបតី​កូរ៉េខាងត្បូង​ជាច្រើនរូប​បាន​ជាប់​ឃុំឃាំង បន្ទាប់ពី​បាន​ចាក​ចេញពី​តំណែង ខណៈ​ដែលជា​ញឹកញាប់​ចេញ​មកពី​ការស៊ើបអង្កេត​ដែល​បានចាប់ផ្តើម​ដោយ​គូប្រជែង​នយោបាយ​របស់ខ្លួន ។​ចំណែក​អ្នក​ស្នង​តំណែង​របស់លោក Lee គឺ​លោកស្រី Park Geun-hye បច្ចុប្បន្នកំពុង​ជាប់ពន្ធនាគារ​រយៈពេល ៣២ ឆ្នាំ​ពីបទ​ទទួល​សំណូក និង​រំលោភ​អំណាច បន្ទាប់ពី​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​កាលពី​ឆ្នាំ ២០១៧ ជុំវិញ​រឿងអាស្រូវ​ពុករលួយ​ទូទាំងប្រទេស​ដែល​បង្ក​ឲ្យ​មានការ​តវ៉ា​តាម​ដងផ្លូវ​យ៉ាងខ្លាំង។​

​រីឯ​លោក Roh Moo-hyun អតីត​មេដឹកនាំ​ម្នាក់ទៀត​បានធ្វើ​អត្តឃាត​ខ្លួនឯង បន្ទាប់ពី​ត្រូវបាន​សាកសួរ​នៅក្នុង​ការស៊ើបអង្កេត​ពីបទ​ពុករលួយ​ពាក់ព័ន្ធ​នឹង​ក្រុមគ្រួសារ​របស់គាត់៕