Apple ព្រមានថា ប្រាក់ចំណូលរបស់ខ្លួននឹងធ្លាក់ចុះខ្លាំងដោយសារតែវិបត្តិខូវីដ-១៩
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 February, 2020 ក+ ក-

អាមេរិក៖ ក្រុមហ៊ុន Apple បានប្រកាសថា ខ្លួននឹងមិនអាចសម្រេចបាននូវប្រាក់ចំណូលតាមការព្យាករណ៍សម្រាប់ត្រីមាសនេះឡើយ ដោយសារតែវិបត្តិនៃការរីករាលដាលជំងឺឆ្លងកូរ៉ូណាប្រភេទថ្មី ដែលបានប៉ះពាល់ដល់ការផលិតទូរស័ព្ទ iPhone និងតម្រូវការនៅក្នុងប្រទេសចិន ដែលជាទីផ្សារធំមួយរបស់ខ្លួន។

ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយនេះបានបញ្ជាក់ថា រោងចក្ររបស់ក្រុមហ៊ុននៅក្នុងប្រទេសចិន ទើបតែបានចាប់ផ្តើមបើកធ្វើប្រតិបត្តិការឡើងវិញជាបណ្តើរៗ ប៉ុន្តែវាហាក់មានសន្ទុះយឺតយ៉ាវជាងការរំពឹងទុក និងថា ប្រការនេះនឹងធ្វើឲ្យប៉ះពាល់ជាបណ្តោះអាសន្ន ទៅលើការរកប្រាក់ចំណូលរបស់ Apple នៅជុំវិញពិភពលោក ព្រោះតែការផលិតទូរស័ព្ទ iPhone មិនទាន់តាមតម្រូវការ។

បន្ថែមលើនេះ ការដាក់កំហិតលើហាងនានា ដែលជាវិធានការទប់ស្កាត់រាតត្បាតនៃវីរុសកូរ៉ូណាថ្មី ឬ ខូវីដ-១៩ ក៏បានប៉ះពាល់ដល់ការលក់ផលិតផលនៅក្នុងប្រទេសចិនផងដែរ ដោយហាងភាគច្រើនរបស់ខ្លួនត្រូវបានបិទទ្វារ ឬមួយក៏កាត់បន្ថយម៉ោងបើកលក់ ។ សូមរំលឹកថា កាលពីខែមករា ដើមឆ្នាំនេះ ក្រុមហ៊ុន Apple បានព្យាករណ៍ថា ខ្លួននឹងរកប្រាក់ចំណូលបានចាប់ពីចន្លោះ៦៣ទៅ៦៧ពាន់លានដុល្លារអាម៉េរិក សម្រាប់ត្រីមាសដំបូងនៃឆ្នាំ២០២០នេះ ៕