កូរ៉េខាងត្បូងរកឃើញទាហានចំនួន១១នាក់មានផ្ទុក COVID-19
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 February, 2020 ក+ ក-

សេអ៊ូល ៖ ទាហានកូរ៉េខាងត្បូងចំនួន១១នាក់ ត្រូវបានក្រុមជំនាញវេជ្ជសាស្ត្ររកឃើញមានផ្ទុកមេរោគ COVID-19 នៅព្រឹកថ្ងៃចន្ទនេះតែម្តង ខណៈនាយទាហានដែលកំពុងទទួលការត្រួតពិនិត្យសុខភាពបានកើនឡើងដល់៧,៧០០នាក់។ នេះបើតាមសារព័ត៌មាន យ៉ុនហាប់។

ក្រសួងការពារជាតិបានឲ្យដឹងថា ការរកឃើញករណីឆ្លងមេរោគ COVID-19 ខាងលើនេះ គឺកើតមាននៅក្នុងមូលដ្ឋានកងទ័ពជើងគោក ជើងទឹក និងជើងអាកាស ដោយក្នុងនោះ កងទ័ពជើងគោកមានរហូតដល់ ០៨ករណីគិតត្រឹមម៉ោង ៨៖០០នាទីព្រឹកថ្ងៃចន្ទនេះ (ម៉ោងនៅទីក្រុងសេអ៊ូល)។

មេបញ្ជាការ និងមន្ត្រីជំនាញវេជ្ជសាស្ត្រកូរ៉េខាងត្បូង បានណែនាំឲ្យនាយទាហានទាំងអស់ដែលមានប្រវត្តិធ្លាប់ទាក់ទង ឬជួបស្និទ្ធស្នាលជាមួយអ្នកនៅព្រះវិហារគ្រិស្ត ក្នុងទីក្រុងដេគូ (Daegu) និងអ្នកដែលបានឆ្លងមេរោគ COVID-19 រួចទៅហើយនៅទីក្រុង ឆឹងទូ (Cheongdo) ត្រូវទៅទទួលការពិនិត្យសុខភាពជាបន្ទាន់ ខណៈដែលនាយទាហានសរុប ៧,៧០០នាក់ហើយកំពុងតែទទួលការពិនិត្យរក COVID-19 នៅមូលដ្ឋានទ័ពនានា៕