រាជរដ្ឋាភិបាលកម្ពុជា ប្រកាសជួយរោងចក្រ និងកម្មករដែលរងផលប៉ះពាល់ដោយ EBA
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 February, 2020 ក+ ក-

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសជួយដល់រោងចក្រកាត់ដេរសម្លៀកបំពាក់ និងកម្មករ កម្មការិនី ដែលរងទទួលនូវផលប៉ះពាល់ច្រើនពីការភ័យខ្លាចជំងឺខូវិដ-១៩ និងដោយសារការដកផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់ការលើកលែងពន្ធ (Tax holiday) អាចពី៦ខែ ទៅ១ឆ្នាំ សម្រាប់រោងចក្រ- សហគ្រាស ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរទៅតាមកម្រិតភាពធ្ងន់ធ្ងរនៃផលប៉ះពាល់ជាក់ស្តែងលើរោងចក្រនីមួយៗ ដែលបណ្តាលមកពីការខ្វះវត្ថុធាតុដើមផលិត ឬ/និង ការព្យួរ EBA។
រាជរដ្ឋាភិបាលក៏អនុញ្ញាតឱ្យរោងចក្រមិនបាច់បង់ប្រាក់វិភាគទានធានារ៉ាប់រងរបបហានិភ័យការងារ និង ថែទាំសុខភាព (បសស) ក្នុងអំឡុងពេលរោងចក្រព្យួរអាជីវកម្ម ហើយរោងចក្រ-សហគ្រាស ដែលផ្អាកសកម្មភាពផលិតរយៈពេលខ្លី ដោយសារខ្វះវត្ថុធាតុដើម រោងចក្រ-សហគ្រាសត្រូវចេញប្រាក់ខែចំនួន ៤០% នៃប្រាក់ខែអប្បរមារបស់កម្មករ-និយោជិត (ដែលមានចំនួន ១៩០ ដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២០) ខណៈរាជរដ្ឋាភិបាលនឹងចូលរួមចំណែក២០% នៃប្រាក់ខែអប្បរមាបន្ថែម (សរុប៦០% នៃប្រាក់ខែអប្បបរមា)។ ដើម្បីបានទទួលនូវការឧបត្ថមនេះ កម្មក-និយោជិតត្រូវចូលរួមវគ្គបណ្តុះបណ្តាលខ្លីៗរវាងពី១ ទៅ ២ សប្តាហ៍ ដែលរៀបចំដោយក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅតាមបណ្តារោងចក្រ-សហគ្រាស។

សម្តេចតេជោ បានបញ្ជាក់ថា សម្រាប់វិធានការជួយដល់ក្មួយៗជាកម្មករ-និយោជិត ដែលបាត់បង់ការងារ និងមិនទាន់អាចរកការងារថ្មីបាន ឬ ចង់ផ្លាស់ប្តូរការងារនាពេលអនាគត, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវរៀបចំកម្មវិធីបណ្តុះបណ្តាលជូនដល់ក្មួយៗ ផ្តល់សេវាជួយរកការងារឲ្យកម្មករធ្វើ តាមរយៈទីភ្នាក់ងារជាតិមុខរបរ (NEA) ដែលអាចជួយជំរុញកម្មករ-និយោជិត ដែលបាត់បង់ការងារឱ្យចាប់យកការងារថ្មីបានឆាប់រហ័ស។ បណ្តុះបណ្តាលជំនាញទន់ (Soft skills) រយៈពេលខ្លីពី ១ ដល់ ២ សប្តាហ៍ ដល់កម្មករ-និយោជិត ដែលបាត់បង់ការងារ និងមិនទាន់រកការងារធ្វើឡើងវិញបាន។ បណ្តុះបណ្តាលជំនាញបច្ចេកទេសរយៈពេល ៤ ខែ ដើម្បីបំពាក់ជំនាញថ្មី និង ផ្តល់ភាពងាយ-ស្រួល ក្នុងការរកការងារធ្វើ ក្នុងវិស័យមិនមែនកាត់ដេរ។ ផ្តល់ជូនដល់សិក្ខាកាម ដែលត្រូវបានជ្រើសរើស និង ទទួលបានការបណ្តុះបណ្តាល នូវប្រាក់ឧបត្ថម្ភ ចំនួន ១២០ ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់រយៈពេល ៦ ខែ (៤ ខែសម្រាប់ការ-បណ្តុះបណ្តាល និង ២ ខែសម្រាប់ទុកបម្រុងក្នុងអំឡុងពេលរកការងារធ្វើមិនទាន់បាន)។

រោងចក្រកាត់ដេរសម្លៀកបំពាក់មួយចំនួននៅកម្ពុជា នឹងផ្អាកដំណើរការបណ្តោះអាសន្ន ដោយសារតែរោងចក្រផលិតវត្ថុធាតុដើមនៅប្រទេសចិន មិនទាន់បើកដំណើរវិញទាំងស្រុងនៅឡើយ ដោយសារវីរុស COVID-19 មិនទាន់ថមថយនៅឡើយ។ កត្តានេះ អាចនឹងធ្វើឲ្យកម្មករ-កម្មការិនីមួយចំនួន ត្រូវបាត់បង់ការងារធ្វើ។ ទន្ទឹមជាមួយរោងចក្រមួយចំនួន ក៏រងផលប៉ះពាល់ដោយសារ ការព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA។ កម្ពុជា នឹងត្រូវធ្វើការ បង់ពន្ធទៅលើមុខទំនិញជិត៤០ប្រភេទ ដែលនាំចូលអឺរ៉ុប សរុបប្រមាណជាង ១០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៕