ភ្នំពេញ៖លោកឧកញ៉ា សុខ ប៊ុន នៅថ្ងៃ ទី១៥ ខែកក្កដា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ជាផ្លូវការចំនួន២បទល្មើស បន្ទាប់ពីអតីតពិធីការិនីទូរទស្សន៍ CTN ដាក់ពាក្យបណ្តឹងពីបទប្រើអំពើហិង្សារួចមក។
ប្រភពព័ត៌មានពីតុលាការបានឲ្យដឹងថា លោក ហ៊ឹង ប៊ុនថន តំណាងអយ្យការតុលាការសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៥កក្កដានេះ បានចោទប្រកាន់លើលោកឧកញ៉ា សុខ ប៊ុន ជាផ្លូវការចំនួន ២បទល្មើស គឺទី១-ហិង្សា ដោយចេតនា និងទី២-ប្រើប្រាស់អាវុធគំរាមសម្លាប់។តំណាងអយ្យការក៏បានធ្វើការចោទប្រកាន់ទៅលើអង្គរក្ស របស់លោកឧកញ៉ា សុខ ប៊ុន ទាំង២នាក់ ពីបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត និងគំរាមសម្លាប់អ្នកដទៃ។
ប្រភពបញ្ជាក់ថា យោងតាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ ចែងថា ការប្រព្រឹត្តអំពើហិង្សាដោយចេតនាលើអ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀលទៅ ៦លានរៀល ហើយឧកញ៉ា សុខ ប៊ុន អាចជាប់ពិរុទ្ធដូចខាងលើប្រសិនបើតុលាការរកឃើញថាពាក់ព័ន្ធនឹងករណីដូចបានចោទប្រកាន់នោះមែន៕ដោយ៖រដ្ឋា