ភ្នំពេញ៖អតីតឧកញ៉ា សុខ ប៊ុន នៅព្រឹក ថ្ងៃពុធ ទី១៦កក្កដា នេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវជាមួយការព្រមានដល់លោក សុខ ប៊ុន ដែលបានប្រើហិង្សាទៅលើអតីតពិធីការិនីនាង ឯក សុជាតា ហៅសាសា កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែកក្កដា កន្លងទៅនោះ ឲ្យចេញមុខឲ្យលឿនទៅដោះស្រាយជម្លោះនៅតុលាការកុំឲ្យគេវាយខ្នោះទាន់។
ការថ្លែងព្រមាននេះបានធ្វើឡើងខណះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគេន-ប្រគល់សញ្ញាបត្រ វិញ្ញាបនបត្រ ដល់សមណនិស្សិត និស្សិត និងគ្រូជ័យលាភីនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ចំនួន ១៦៦៤ អង្គ/នាក់ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥នេះ នៅវិទ្យាស្ថានជាតិអប់រំរាជធានីភ្នំពេញ។
លោក ហ៊ុន សែន បានបញ្ជាក់ថា «ទោះបីសំរួលគ្នា ក្រៅប្រព័ន្ធតុលាការ ប៉ុន្តែឲ្យរំលត់បណ្តឹងអាជ្ញា គឺអត់ទៅរួចទេ។ ខ្ញុំ និងភរិយាខ្ញុំក៏សូមផ្ញើជូននូវការឈឺចាប់ជាមួយនឹងក្មួយស្រីសាសា និងក្រុមគ្រួសារ ដែលពេលនោះមិនដឹងថាតើភ័យប៉ុណ្ណា នៅពេលគេចាប់បោក ចាប់គ្រវី »។
នាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា« លោក សូមឲ្យលោក សុខ ប៊ុន ចេញមុខឲ្យទាន់ ឲ្យលឿនទៅកាន់តុលាការ។ …ថានឹងចេញក្នុងពេលឆាប់ៗ។ អាឆាប់ៗនឹង ប៉ុន្មានថ្ងៃទៀត? ប្រយ័ត្នជាប់ខ្នោះ… អានឹង គឺស្ថានទម្ងន់កាន់តែធ្ងន់!។ យើងប្រកាសថាយើងបានវ៉ៃហើយ។យើងប្រកាសអីចេះ យើងប្រកាសអីចោះហើយ។ ចុះបើប្រកាសទទួលស្គាល់អីចឹងហើយ… គ្រាន់តែមុនក្រោយនឹង។ មកឲ្យលឿនទៅ អានឹងប្រយ័ត្នជាប់…ហួសហេតុពេកហើយ »។
នាយករដ្ឋមន្ត្រី ហ៊ុនសែន ក៏បានបញ្ជាក់ថា« លោកសុខប៊ុន សូមឲ្យមកឆាប់ នៅថ្ងៃនេះតែម្តង វិលមកពីប្រទេសក្រៅ ហើយរកផ្លូវឆ្ពោះទៅតុលាការតែម្តងទៅ។ ការចាត់ការរបៀបណា ជារឿងរបស់តុលាការ »។
លោក ហ៊ុន សែន ក៏បានបន្ថែមថា «ដូចជាតុលាការ មានដីកាចាប់ខ្លួនហើយ។ ដូច្នេះ កុំឲ្យគេចាប់ខ្លួនទាន់។ ទៅតុលាការតែម្តងទៅ។ សម្តេចហ៊ុនសែន ក៏បានព្រមានដល់អ្នកដែលមានបំណងរត់ការរឿងលោកសុខប៊ុននេះ។ កុំអាងមានលុយ។ លុយ មិនអាចដោះស្រាយបញ្ហាបានទេ។ បើសិនជាដោះស្រាយ សម្របសម្រួលក្រៅប្រព័ន្ធតុលាការជាមួយកញ្ញា សាសា រួចហើយ ក៏តុលាការត្រូវតែដំណើរការរឿងក្តីនេះដែរ »៕ ដោយ ៖រដ្ឋា