លោក ហ៊ុន សែន ៖បក្សនយោបាយ និង​អ្នកជំនាញ​ផែនទី អាច​ចូលរួម​មើល​ការ​បង្គោល​ព្រំដែន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 July, 2015 ក+ ក-

​ភ្នំពេញ​៖ នា​ព្រឹក​មិញ​នេះ ​លោកនាយក​ រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​បើកចំហ​ឲ្យ​គ្រប់​គណបក្សនយោបាយ​ទាំងអស់ និង​អ្នកជំនាញ​ផែនទី អាចចូលរួម​ពិនិត្យមើល​ការ​បង្គោល​ព្រំដែន​ប្រទេស​កម្ពុជា​ជាមួយ​ប្រទេស​វៀតណាម ដើម្បី​ចៀសវាង​ការចោទប្រកាន់​ដោយ​អ​យុត្ដិធម៌ ។​លោក​ថ្លែង​បែបនេះ នៅក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​នា​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៦ នេះ​ដើម្បីបញ្ជាក់ពីភាព ស្អាតស្អំរបស់រដ្ឋាភិបាលក្នុងបញ្ហាព្រំដែន។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​បែបនេះ ក្រោយពេល​មួយថ្ងៃ​បន្ទាប់ពី​លោក​បាន​សរសេរ​លិខិត​ទៅ​ថ្នាក់ដឹកនាំ​ប្រទេស​មហាអំណាច ចំនួន​៣ គឺ​បារាំង អង់គ្លេស សហរដ្ឋអាមេរិក និង​អង្គការសហប្រជាជាតិ ដោយ​ស្នើសុំ​ខ្ចី​ផែនទី និង​សុំ​ជំនួយ​ជា​អ្នកជំនាញ​ខាង​ផែនទី ដើម្បី​ជួយ​កម្ពុជា ក្នុងការ​ផ្ទៀងផ្ទាត់​ផែនទី​ដែល​រដ្ឋាភិបាល​កំពុងតែ​ប្រើប្រាស់ ។ ការ​ថ្លែង​របស់លោក​ក៏​ជា​សារ​មួយ​ប្រតិកម្ម​ទៅនឹង​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ចោទ​រដ្ឋាភិបាល​ថា បាន​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​ក្នុងការ​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​។​

​លោកនាយក​រដ្ឋមន្ត្រី បាន​ថ្លែងថា​« ការបោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ជាង​៣០​ឆ្នាំ​ហើយ​មិន ទាន់​ចប់ ដោយសារតែ​កម្ពុជា​មិន​យល់ព្រម ។ លោក​បន្តថា​ បើទោះជា មានការ​ចម្លង​ផែនទី​សម្រាប់​ប្រើប្រាស់​ក្នុងការ​បោះបង្គោល​ព្រំដែន តែ​ផែន​ទីនោះ​មិនអាច​ខុសពី​ផែនទី​បោ​ន​ខ្នាត​១/១០០០០០ ដែល​តម្កល់​នៅ​អង្គការសហប្រជាជាតិ​នោះទេ ។ លោក​បាន​បញ្ជាក់ថា​៖ «​បើ​ចរចា​មិនត្រូវ​គ្នា អូសបន្លាយ​ក៏​អូស​ទៅ ប្រសើរ​ជាង​បាត់​ដី អូសបន្លាយ​ក៏​អូស​ទៅ អញ្ចឹង​បាន​វា​ជាង​៣០​ឆ្នាំ បោះ​អត់​ទាន់​ចប់ ព្រោះ​បើសិនជា​វា​មិនទាន់​ចប់ ប្រញាប់​ទៅណា ឥឡូវ​បាន ៨៣%​នៅសល់ ១៧ % ហើយ​អា ៨៣%​នេះ ក៏​យើង​នៅ​អាច​សើរើ​បាន​ទៀត ត្រូវធ្វើ​អូឌីត​មួយចំនួនទៀត​ករណី​ដែល​បោះ​ទៅ​វា​លម្អៀង យើង​ត្រូវ​កែ​ទាមទារ​ឲ្យ​កែតម្រូវ អញ្ចឹង​បាន​ត្រូវការ​ដំណើរការ​វែងឆ្ងាយ មិនធម្មតា​»​។​

​លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា​« ចាប់ពី​ថ្ងៃនេះ រដ្ឋាភិបាល​នឹង​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ទាំងអស់​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន ។ លោក​ថា​ ការដែល​រដ្ឋាភិបាល​សម្រេច​សរសេរ​លិខិត​ទៅ​ស្នើសុំ​ខ្ចី​ផែនទី​ព្រំដែន ប្រទេស​កម្ពុ ពី​អង្គការសហប្រជាជាតិ និង​ប្រទេស​មហាអំណាច បារាំង អាមេរិក និង​អង់គ្លេស ដោយសារ​អង្គការសហប្រជាជាតិ​បាន​ប្រាប់ថា​រក​អត់​ទាន់​ឃើញ ផែនទី​ទេ ។ លោក ហ៊ុន សែន ជឿជាក់ថា ​ប្រទេស​បារាំង និង​សហរដ្ឋអាមេរិក​ប្រាកដ​ជាមាន​ផែនទី​របស់​កម្ពុជា ។​តែ​ប្រទេស​អង់គ្លេស អាច​នឹង​មិនមាន​ផែនទី​របស់​កម្ពុជា​ទេ ។ លោក​បន្តថា ​បើទោះជា​មាន​ការចម្លង​ផែនទី​សម្រាប់​ប្រើប្រាស់​ក្នុងការ បោះបង្គោល​ព្រំដែន តែ​ផែន​ទីនោះ​មិនអាច​ខុសពី​ផែនទី​បោ​ន​ខ្នាត​១/១០០០០០ ដែល​តម្កល់​នៅ​អង្គការសហប្រជាជាតិ កាលពី​ឆ្នាំ​១៩៦៤» ។

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា «​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចោទ​រដ្ឋាភិបាល​ថា ប្រើប្រាស់​ផែនទី​ក្លែងក្លាយ ។ ប៉ុន្តែ​រដ្ឋាភិបាល និង​លោក មិនអាច​ទ្រាំ​នឹង​ការចោទប្រកាន់​លើ​ការប្រើប្រាស់​ផែនទី​ក្លែងក្លាយ​នេះ បានទេ ។ឥ«​ព្រោះ​វា​អយុត្តិធម៌​ណាស់​សម្រាប់​ខ្ញុំព្រះករុណា ឬ​រាជរដ្ឋាភិបាល​កម្ពុជា​។ អញ្ចឹងទេ​ត្រូវធ្វើ​រឿងនេះ​ឲ្យ​ដល់​កោះ​ដល់ត្រើយ​» ។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា​៖ «​បើ​យើង​មិន​គូស​ចម្លង​១/១០០០០០ ផែនទី​បោ​ន​អម​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥​ទេ យើង​ជា​អ្នកបច្ចេកទេស​មិនអាច​ធ្វើការ​បោះបង្គោល​ខ​ណ្ឌ​សីមា​នៅលើ​ដី​ជាក់ ស្តែង​បានទេ ព្រោះថា​ផែនទី​១/១០០០០០​ដែលជា​ផែនទី​មូលដ្ឋាន​យើង​ទទួលស្គាល់ ព្រោះថា​រដ្ឋធម្មនុញ្ញ​ទទួលយក​ផែនទី​១/១០០០០០​មក​ធ្វើជា​ផែនទី​ជា​មូល ដ្ឋា​ន ប៉ុន្តែ​ពេល​យើង​ចុះទៅ​លើដី​ជាក់ស្តែង មិនមែន​ផែនទី​១/១០០០០០ យើង​ទៅ​បោះបង្គោល​បានទេ ត្រូវយក​ផែនទី UTM ខ្នាត​ធំ​១/៥០០០០​ដែលមាន​ក្រឡា​អុក​ឈើត្រង់ ។ វា​អនុញ្ញាត​ឲ្យ​យើង​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ដូចជា​ជី​ភី​អេស​ជាដើម វា​អាច​ចាប់​កន្លែង​ណា​កន្លែង​ណា​លើដី​ជាក់ស្តែង​» ។​

​ក្នុង​ពិធី​នោះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ក៏បាន​ប្រកាស​ជាមួយ​ប្រសាសន៍​ធ្ងន់ៗ​ថា​« កម្ពុជា​មិន​បោះបង់ចោល​សិទ្ធិ​ទាមទារ ចំណុច​មួយចំនួន​ពី​ប្រទេសជិតខាង​នោះទេ ប៉ុន្តែ​ទាមទារ​ឲ្យ​ខ្មែរ​មាន​ឯកភាព​ផ្ទៃក្នុង​ជាមួយគ្នា នៅលើ​ផែនទី​ជាមុនសិន »​។​
​លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែងថា​៖ «​ខ្ញុំ​ក៏​ផ្តាំ​ទៅ​ដៃគូ ធ្វើការ​ជាមួយ​យើង នៅ​ប្រទេសជិតខាង​ថា កម្ពុជា​អត់​បោះបង់ចោល​នូវ សិទ្ធិ នៃ​ការដែល​ខ្លួន​ទទួលខុសត្រូវ ទៅលើ​បញ្ហា​ការទាមទារ​ចំណុច​មួយចំនួន ដែល​នៅ​សេសសល់​ទេ ទោះបីជា កម្ពុជា នៅមាន​ចំណុច​មិនទាន់​ឯកភាពគ្នា​ក្នុង​ផ្ទៃក្នុង​មួយចំនួន ដែល​កំពុង​ស្វះ​ស្វែងរក​ការឯកភាព​គ្នា ឯកភាព​លើ ផែនទី​ហ្នឹង​សិន​»

​ជាមួយគ្នា​នោះដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​ទៅកាន់​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា ដែលជា​ក្រុម​ចរចា​ព្រំដែន​ជាមួយនិង​ប្រទេស​វៀតណាម ត្រូវតែ​គោរព​នូវ​លក្ខខណ្ឌ​ចំនួន​ពីរ ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ផងដែរ​៖

​លក្ខខណ្ឌ​ចំនួន​ពីរ​ដែល​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានដាក់​ចេញ​នោះ​រួមមាន​៖ ទី​១-​ក្រុម​ចរចា​ព្រំដែន​កម្ពុជា ត្រូវតែ​ចរចា​ជាមួយ​ប្រទេស​វៀតណាម​ដោយ​ប្រកាន់យក​ទៅតាម​ផែនទី​របស់ កម្ពុជា​ខ្នាត​១/១០០០០០ ដែល​បាន​តម្កល់ទុក​នៅក្នុង​អង្គការសហប្រជាជាតិ​កាលពី​ឆ្នាំ​១៩៦៤ ។ ទី​២-​បើ​ក្រុម​ច​ចារ​ព្រំដែន​កម្ពុជា ចរចា​ជាមួយ​វៀតណាម​មិនត្រូវ​ទេ ឲ្យ​អូសបន្លាយ​ក៏​អូស​ទៅ​ប្រសើ​ជាង​ចរចា​បាត់​ទឹកដី ។​

​គួរ​ជម្រាប​ថា កាលពី​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ុន សែន ក៏បាន​សរសេរ​លិខិត ទៅកាន់​លោក​បាន​គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ហើយ​នៅ​ពីថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៥ កន្លងមកនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​លិខិត ៣​ច្បាប់ ជូនទៅ​កាន់​ប្រធានាធិបតី​បារាំង ប្រធានាធិបតី​អាមេរិក និង​នាយករដ្ឋមន្ត្រី អង់គ្លេស ស្នើសុំ​កិច្ចសហការ និង​ស្នើសុំ​ខ្ចី​ផែនទី​កម្ពុជា ដើម្បី​យកមក​ពិនិត្យ​ផ្ទៀងផ្ទាត់​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ប្រទេសជិតខាង។

​អ្នកវិភាគបញ្ហានយោបាយបានលើកឡើងថា ការអនុញ្ញាតឱ្យ​គ្រប់​និន្នាកាគណបក្ស និងអ្នកជំនាញផ្នែកផែនទី​ចូលរួម​ពិនិត្យមើល​ផែនទី​ដែល​បាន​ពី​អន្តរជាតិ​នោះ និងការបោះបង្គោលព្រំដែន គឺ​​អាចនឹង​បញ្ចប់​ការមិនទុកចិត្ត​គ្នា និង​បញ្ចប់​ការធ្វើ​ពាណិជ្ជកម្មផ្តួលដៃគូនយោបាយ​លើ​បញ្ហា​ព្រំដែន​៕ ដោយ​៖ខេ​មរៈ

mkljp