វិស័យឯកជនស្នើសុំការផ្ដល់ព័ត៌មានពីវិធានការរបស់រាជរដ្ឋាភិបាលលើផលប៉ះពាល់ដោយសារ Covid-19
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 March, 2020 ក+ ក-

ភ្នំពេញ ៖ ការរីករាលដាលនៃវីរុស Covid-19 នៅក្នុងពិភពលោក និងក្នុងតំបន់ បានជះឥទ្ធិពល ដល់ សេដ្ឋកិច្ចកម្ពុជា។ ដូច្នេះហើយ ផ្នែកឯកជនបានស្នើសុំការផ្ដល់ព័ត៌មាន ពីវិធានការ របស់រាជរដ្ឋាភិបាលលើបញ្ហានេះ ដូចជា ការរៀបចំជាច្បាប់បទប្បញ្ញត្តិ និងគោលនយោ បាយ សម្រាប់ប្រយុទ្ធប្រឆាំងនឹងវីរុសដ៏កាចសាហាវ មួយនេះ ដែលប្រសិនបើវាកើតមាន នៅប្រទេសកម្ពុជានោះ វានឹងមានផលប៉ះពាល់ដល់ផ្នែកសេដ្ឋកិច្ច ជាក់ជាមិនខាន។

ការស្នើសុំរបស់ផ្នែកឯកជនដូចខាងលើនេះ ធ្វើឡើងតាមរយៈកិច្ចប្រជុំក្រុមការងារ ផ្នែកនីតិកម្មពន្ធដារ និង អភិបាលកិច្ច (ក្រុម ឃ) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនកាល ពីពេលថ្មីៗកន្លងទៅនេះ ខណៈ ដែលប្រទេសជាច្រើនកំពុងតែយាយីដោយវីរុស Covid-19 ហើយជាការឆ្លើយតប ខាងភាគីនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ដើម្បីបន្ត ពិនិត្យ ដោះស្រាយបញ្ហារបស់វិស័យឯកជន ឆ្លើយតបនឹងបញ្ហានេះ ក្រសួងសុខាភិបាល បាន ចាត់វិធានការលើការការពារការរីករាលដាលនៃវីរុសនេះ ព្រមទាំងគិតគូររកវិធានការ ជា ប្រព័ន្ធ ដើម្បីទប់ស្កាត់បញ្ហានេះពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ តាមរយៈការរៀបចំផែនការ យុទ្ធសាស្ត្រ វិធានការឆ្លើយតបបន្ទាន់ រៀបចំគោលការណ៍ណែនាំ ចុះធ្វើការផ្សព្វផ្សាយ នៅនឹងកន្លែង និងវិធានការអប់រំដល់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយ និងបង្ការបញ្ហាដែល អាចកើតមានជាយថាហេតុឱ្យបានទាន់ពេលវេលាក្នុងស្មារតីបុរេសកម្ម ក៏ដូចជា ពង្រឹង និង បង្កើនធនធានបន្ថែម ទាំងផ្នែកគ្រូពេទ្យ សម្ភារៈពេទ្យ រៀបចំឧបករណ៍ស្គេនកម្តៅ ប្រព័ន្ធគ្រប់គ្រង និងភ្នាក់ងារចាំទទួលព័ត៌មាន ពាក់ព័ន្ធវីរុសតាមរយៈលេខទំនាក់ទំនង បន្ទាន់ លេខ ១១៥ ព្រមទាំងពង្រឹងកិច្ចសហការជាមួយអង្គការសុខភាព ពិភពលោក ជា ដើម ។

ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន និងកំពុងសហការជាមួយក្រសួង សុខាភិបាល និងដៃគូពាក់ព័ន្ធ ដើម្បីរៀបចំក្របខណ្ឌរួម ជាវិធានការ និងយន្តការជាក ញ្ចប់ពាក់ព័ន្ធនឹងការការពារវីរុស Covid-19 និងមេរោគឆ្លងនានា សម្រាប់រយៈពេល ៦ខែ ដោយគ្រោងចំណាយថវិកាជាង ៣០ លានដុល្លារអាមរិក តាមរយៈការរៀបចំបង្កើត ប្រព័ន្ធ ការពារ និងឧបករណ៍តាមដាន រៀបចំទីកន្លែងដើម្បីទទួលដោះស្រាយ ក៏ដូចជា ស្វែងរក អ្នកដែលមានលទ្ធភាពឆ្លងកុំឱ្យមានការរីករាលដាល សំដៅបង្ការ ការពារ និងព្យាបាលក្នុង ករណីមានការឆ្លងវីរុស។ គួរជម្រាបថា ក្នុងសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំ ក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និង អភិបាលកិច្ច (ក្រុម ឃ) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីបន្តពិនិត្យដោះស្រាយ បញ្ហារបស់វិស័យឯកជនបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមកញ្ចប់ថវិកា៣០លានដុល្លារអាមេរិក ដើម្បីការពារវីរុស Covid-19 និងមេរោគឆ្លងនានា សម្រាប់រយៈពេល៦ខែ ចាប់តាំងពីបច្ចុប្បន្ននេះ ហើយប្រសិនបើនៅតែមិនទាន់រកឃើញឱសថព្យាបាលជំងឺនេះទៀត រាជរដ្ឋាភិបាលក៏ត្រៀមនូវកញ្ចប់ថវិកាមួយចំនួនទៀតផងដែរ៕