ប៉ា​គី​ស្ថាន​បាញ់​ទម្លាក់​យន្តហោះ​ដ្រូ​ន​ស៊ើបការណ៍​ហើយ កោះហៅ​ទូត​ឥណ្ឌា​ទៅ​ព្រមាន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 July, 2015 ក+ ក-

RFI ៖ទំនាក់ទំនង ប៉ា​គី​ស្ថាន​-​ឥណ្ឌា អាច​នឹង​ឡើង​កំដៅ​ខ្លាំង​ជាថ្មីនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ប៉ា​គី​ស្ថាន​បាន​កោះហៅ​មន្ត្រីជាន់ខ្ពស់​ការទូត​ឥណ្ឌា ឱ្យចូល​ជួប បន្ទាប់ពី​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ បាន​បាញ់​កម្ចាត់​យន្តហោះ​គ្មាន​មនុស្ស​បើក​ដ្រូ​ន ស៊ើបការណ៍ ឥណ្ឌា ហោះ​ឆ្លង​ព្រំដែន​របស់ខ្លួន​។ ព្រំដែន​ដែល​កំពុងមាន​ការបាញ់​តបត​គ្នា​ទៅវិញ ទៅមក បង្ក​ឱ្យស្លាប់​៥​នាក់​។ នេះ​បើតាម​អាជ្ញាធរ​។​

រឿង អាស្រូវ​ថ្មី និង​ការប៉ះទង្គិច​ប្រដាប់អាវុធ​ជាថ្មី នៅតាម​ព្រំដែន​រវាង​ប្រទេសជិតខាង​ជា​គូសត្រូវ​នឹង​គ្នា​នេះ បាន​ផ្ទុះឡើង​តែ​ប៉ុន្មាន​ប៉ុណ្ណោះ ក្រោយ​ជំនួប​ដ៏​កម្រ នៅ​ប្រទេស​រុស្ស៊ី រវាង​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន ណា​វ៉ា ស្ហា​រី​ហ្វ និង​សម​ភាគី​ឥណ្ឌា លោក ណារិន​ដ្រា ម៉ូ​ឌី​។ លោក ម៉ូ​ឌី បាន​ព្រមព្រៀង​ធ្វើដំណើរ​ជា​លើកទីមួយ​ទៅកាន់​ប្រទេស​ប៉ា​គី​ស្ថាន​នៅ​ឆ្នាំក្រោយ​

​ប៉ុន្តែ​នៅ​យប់​ជ្រៅ យប់មិញ យោធា​ប៉ា​គី​ស្ថាន បានប្រកាស​បាញ់​ទម្លាក់​ដ្រូ​ន ស៊ើបការណ៍​របស់​ឥណ្ឌា ដែល​បាន​ហោះ​ឆ្លង​ចូល​តំបន់​កា​ស្មៀ​ប៉ា​គី​ស្ថាន​។ តំបន់​ដែល​មហាអំណាច​នុយក្លេអ៊ែរ​នៅ​អាស៊ី​ទាំងពីរ​មាន​ជម្លោះ​នឹង​គ្នា រាប់សិប​ឆ្នាំ​មកហើយ​។​

​ដ្រូ​ន​ស៊ើបការណ៍​នេះ មាន​បេសកកម្ម​ថតរូប ដែនដី​ជាប់​ជម្លោះ​។ ប៉ុន្តែ​អាជ្ញាធរ​ឥណ្ឌា​បាន​បដិសេធ ថា​គ្មាន​បាត់​ដ្រូ​ន ឬ​មាន​ដ្រូ​ន​ណា​ត្រូវគេ​បាញ់​ទម្លាក់​ឡើយ​។ ទោះជា​យ៉ាង​ដូច្នេះ​ក៏​ប៉ា​គី​ស្ថាន​នៅតែ​មិន​សុខចិត្ត និង​បាន​កោះហៅ​តំណាង​ជាន់ខ្ពស់​ឥណ្ឌា​ប្រចាំ​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ យកទៅ​ព្រមាន​អំពី​ការរំលោភច្បាប់​អន្តរជាតិ និង​បូរណភាព​ដែនដី​ដែល​ប្រទេស​ទាំងពីរ​បាន​ព្រមព្រៀងគ្នា​។​

​តំបន់​កា​ស្មៀ ដែល​ធ្លាប់ជា​ដើមហេតុ​នៃ​សង្គ្រាម​ឥណ្ឌា​-​ប៉ា​គី​ស្ថាន ដល់​ទៅ​ពីរលើក​ធំៗ ក៏មាន​សកម្មភាព​ហិង្សា​កម្រើក​ឡើងវិញ​ដែរ នៅ​ល្ងាច​មិញ ដោយមាន​ការបាញ់​កាំភ្លើង​ត្បាល់​ដាក់គ្នា បង្ក​ឱ្យ​ជន​ស៊ីវិល​ប៉ា​គី​ស្ថាន​បួន​នាក់​ស្លាប់ និង​ជន​ស៊ីវិល​ឥណ្ឌា​ម្នាក់​ស្លាប់​។ សំណុំរឿង​ដ្រូ​ន ក៏​ដូច​កា​ស្មៀ ជា​ប្រធានបទ​ដែល​មិនអាច​ប៉ះ​បានទេ​នៅ​ប៉ា​គី​ស្ថាន​៕​ប្រភព​៖RFI

mkjnmk​ការវាយប្រហារ​លើ​មូលដ្ឋានទ័ព​ឥណ្ឌា នៅ​តំបន់​កា​ស្មៀ ខែធ្នូ ២០១៤REUTERS