គណៈរដ្ឋមន្ត្រី​៖លោក​សម រង្ស៊ី ទិញ​ផែនទី​ពី​បារាំង​ជាការ​បន្ថោក​អធិប តេយ្យភាព​ជាតិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 July, 2015 ក+ ក-

​ភ្នំ​ពេ​ញ៖​ទីស្តីការគណៈរដ្ឋមន្ត្រី ប្រតិកម្ម​នឹង​ប្រសាសន៍​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ដែលថា លោក​បាន​ទិញ​ផែនទី​កម្ពុជា​ពី​ផ្សារ​នៃ​ប្រទេស​បារាំង​ក្នុងតម្លៃ ១៦៨ ដុល្លារ ថា ជាការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ ។​

ប្រតិ​កម្មនេះ ធ្វើឡើង​បន្ទាប់ពី​លោក សម រង្ស៊ី បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា ផែនទី បារាំង មុន​ឆ្នាំ ១៩៥៣ ខ្នាត ១/១០០.០០០ បង្ហាញ​ពី​ព្រំដែន​កម្ពុជា​-​វៀតណាម ទាំង ២៦ ផ្ទាំង ដែល​ទាំងអស់គ្នា​ចង់បាន​ពេលនេះ មាន​ដាក់លក់​នៅ​ប្រទេស​បារាំង ក្នុងតម្លៃ ១៥៣,៩១ Euros ស្មើនឹង ១៦៨ ដុល្លារ​អាមេរិក ។

សម រង្ស៊ី បន្តថា គណបក្ស សង្គ្រោះ​ជាតិ បាន​ទិញ​ផែនទី​ទាំង ២៦ ផ្ទាំង (​វិ​ក័យ​ប​ត្រ​ភ្ជាប់​មក​ជាមួយនេះ​) យកមក​បង្ហាញ ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស ។ ច្បាប់ដើម​នៃ​ផែនទី​នេះ មានតែ​មួយច្បាប់​គត់ ដែល​តម្កល់ទុក នៅ​ប្រទេស​បារាំង ។ អ្វីដែល​គេ​ដាក់លក់​នោះ គឺជា​ច្បាប់​ចម្លង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែល​ដា​ក់ប​ញ្ជូ​ល​ក្នុង DVD (​រូបថត​ភ្ជាប់​មក​ជាមួយនេះ​) ។​

​សេចក្តីថ្លែងការណ៍​រប​ស់ អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ទីស្តីការគណៈរដ្ឋមន្ត្រី ចេញផ្សាយ​នៅ​ថ្ងៃទី ១៧ ខែ កក្កដា​នេះ បានចាត់ទុក​ទង្វើ​រប​ស់លោក សម រង្ស៊ី ជា​ចេតនា​អាក្រក់​ក្នុងការ​បន្ទាបបន្ថោក បន្តុះបង្អាប់​នូវ​តម្លៃ​ការងារ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន ប្រសូត្រ​ចេញពី​ការបោះឆ្នោត ។ សេចក្តីថ្លែងការណ៍​បន្ត​ថា ទង្វើ​របស់លោក សម រង្ស៊ី ក៏​ជាការ​បន្ថោក​តម្លៃ​នៃ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ និង​មាន​ចេតនា​បង្ហាញ​ឲ្យ​ឃើញថា ផែនទី​ដែល​ទិញ​នៅតាម​ផ្សារ​នេះ មានតម្លៃ​ថ្លៃ​ជាង​ផែនទី​ផ្លូវ​ការដែល​រដ្ឋាភិបាល បាននិងកំពុង​ប្រើ ។

តាមរយៈ​សេចក្តី​ថ្លៃ​ង​ការណ៍ ទីស្តីការគណៈរដ្ឋមន្ត្រី ស្នើ​ឲ្យ​លោក សម រង្ស៊ី បញ្ឈប់​នូវ​ការយក​ព្រំដែន ក៏ដូចជា​យក​ផែនទី​នៅ​ទីផ្សារ​មក​ធ្វើជា​ល្បែង​នយោបាយ ដើម្បី​បំភ័ន្ត​សាធារណមតិ​ក្នុង​ផលប្រយោជន៍​នយោបាយរ​បស់​ខ្លួន ។

មិនទាន់​អាច​សុំ​ការឆ្លើយតប ពី​លោក​សម រង្ស៊ី ជុំវិញ​ការចោទប្រកាន់​នេះ បាន​នៅឡើយ​ទេ​។​

​គួរ​រំ​ឮ​កថា កាលពី​សប្តាហ៍​មុន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​លិខិត​មួយ​ទៅ​ថ្នាក់ដឹកនាំ​ប្រទេស​មហាអំណាច​ចំនួន​៣ គឺ​បារាំង អង់គ្លេស និង​សហរដ្ឋអាមេរិក ដោយ​ស្នើសុំ​ខ្ចី​ផែនទី និង​សុំ​ជំនួយ​ជា​អ្នកជំនាញ​ខាង​ផែនទី ដើម្បី​ជួយ​កម្ពុជា​ក្នុងការ​ផ្ទៀងផ្ទាត់​ផែនទី​ដែល​រដ្ឋាភិបាល​កំពុងតែ ប្រើប្រាស់ ។ ការស្នើសុំ​ផែនទី​ពេលនេះ បន្ទាប់ពី​បក្សប្រឆាំង​ចោទ​រដ្ឋាភិបាល​ថា បាន​ប្រើប្រាស​ផែនទី​ក្លែងក្លាយ​សម្រាប់​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស វៀតណាម ៕ ប្រ​ភ​ព៖​វី​អូ​ដេ​