WHO ៖ សហរដ្ឋអាមេរិកអាច​ក្លាយជា​ចំណុចកណ្តាល​ថ្មី​នៃ​ការ​រាតត្បាត COVID-19
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 March, 2020 ក+ ក-

​វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក អាច​នឹង​ក្លាយជា «​ចំណុចកណ្ដាល​សកល​ថ្មី​» នៃ​ការឆ្លង​រាតត្បាត​របស់ COVID-19 ក្នុងពេលដែល​ករណី​ឆ្លង​នៅក្នុង​ប្រទេស​មហាអំណាច​ផុត​លេខ​មួយ​នេះ ហាក់ដូច​មិនមាន​ភាព​ធូរស្រាល​ឡើយ​។ នេះ​ជា​សារ​ព្រមាន​របស់​អង្គការ​សុខភាព​ពិភពលោក ( WHO ) ដែល​ត្រូវបាន​សារព័ត៌មាន​បរទេស​ដ​ក​ស្រង់​យកមក​ចុះផ្សាយ​កាលពី​ម្សិលមិញ​។​

​តាម​របាយការណ៍​បាន​បញ្ជាក់ថា ក្នុង​រយៈពេល​ត្រឹមតែ​២៤​ម៉ោង​មុន ៨៥​ភាគរយ​នៃ​ករណី​ឆ្លង COVID-19 ត្រូវបាន​រាយការណ៍​នៅ​អឺរ៉ុប និង​សហរដ្ឋអាមេរិក ហើយ​ក្នុងនោះ​ទៀតសោត មាន ៤០​ភាគរយ នៅក្នុង​សហរដ្ឋអាមេរិក​។ ជាក់ស្ដែង គិត​ត្រឹម​ថ្ងៃ​ចន្ទ​ម្សិលមិញ អាជ្ញាធរ​សុខាភិបាល​អាមេរិក បាន​ទទួលស្គាល់ថា​អ្នក​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ ទូទាំងប្រទេស បាន​កើន​ដល់​ច្រើនជាង ៤២,០០០​នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​រហូតដល់​៥៥៩​នាក់​។​

​ផ្តើម​ពី​ការ​រាតត្បាត​យ៉ាង​ឆាប់រហ័ស​និង​ចំនួន​ច្រើ​នោះ​ហើយ​ទើប​មន្ត្រី​អ្នកនាំពាក្យ​អង្គការ WHO លោកស្រី Margaret Harris បាន​គូសបញ្ជាក់ថា អាមេរិក​នឹង​ក្លាយជា​ចំណុចកណ្តាល​ថ្មី​នៃ​ការឆ្លង​រាតត្បាត​យ៉ាង​សាហាវ COVID-19 ៕