ភ្នំពេញ ៖ ឧកញ៉ា សុខ ប៊ុន នៅវេលាម៉ោង១:១៧នាទីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ នេះ ត្រូវបានតុលាការរាជធានីភ្នំពេញសម្រេចបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃសរង់ចាំការអនុវត្តន៍នីតិវិធីបន្តទៀត។
ប្រភពព័ត៌មានបានរាយការណ៍ថា ចៅក្រមតុលាការសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃនេះ បានសម្រេចបញ្ជូនឧកញ៉ា សុខ ប៊ុន ទៅឃុំខ្លួនជាបណ្ដោះអាសន្ន នៅពន្ធនាគារព្រៃស ពាក់ព័ន្ធនឹងករណីប្រើអំពើហិង្សាលើកញ្ញា ឯក សុជាតា ហៅសាសា កាលពីថ្ងៃទី២កក្កដា ។ការសម្រេចបញ្ជូនទៅឃុំខ្លួននេះ បានធ្វើឡើងបន្ទាប់ពីចៅក្រមបញ្ចប់ការសាកសួររយៈពេលជាង៤ ម៉ោង រួចមក ។
ខណៈមកដល់តុលាការសាលាដំបូងរាជធានីភ្នំពេញរបស់កាលពីម៉ាង៩ព្រឹកមិញ ក៏ដូចជាពេលចេញពីតុលាការនៅពេលរសៀលដែរ ឧកញ៉ា សុខ ប៊ុន គ្មានឱកាសផ្តល់ព័ត៌មានដល់អ្នកកាសែតនោះទេ ដោយសារនគរបាលនាំគេចពីក្រុមអ្នកកាសែត ហើយឡើងរថយន្តទំនើប Lexus ៥៧០ ជិះចេញពីតុលាការបញ្ជូនទៅឃុំឃាំងនៅពន្ធនាគារព្រៃសយ៉ាងរួសរាន់ ៕ ដោយ៖រដ្ឋា