បាញ់ប្រហារ​នៅ​វិហារ​សាសនា Sikh-Hindu ​នៅរដ្ឋធានី​កា​ប៊ុលសម្លាប់​មនុស្ស​២៥​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 March, 2020 ក+ ក-

កា​ប៊ុល ៖ ​មនុស្ស​យ៉ាងតិច ២៥ នាក់​ត្រូវបាន​សម្លាប់​កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​ខ្មាន់កាំភ្លើង និង​ជន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយចំនួន បាន​បើក​ការវាយប្រហារ​ទៅលើ​ព្រះវិហារ​សាសនា Sikh-Hindu ដែលមាន​ប្រភពពី​ឥណ្ឌា​ស្ថិតនៅក្នុង​រដ្ឋធានី​កា​ប៊ុល នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ពេល​អ្នក​គោរពបូជា​កំពុងធ្វើការ​អធិស្ឋាន​ពេលព្រឹក​។​ នេះ​បើ​យោងតាម​ប្រភពពី CGTN​។​

​យោងតាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា​បុរស​ម្នាក់​នៅក្នុង​ឯកសណ្ឋាន​ប៉ូលីស​បាន​បើក​ការវាយប្រហារ​នៅ​ចំ​កណ្តាល​ព្រះវិហារ​នៅ​កណ្តាល​ទីក្រុង​កា​ប៊ុល​បាន​បាញ់​អ្នកយាម​ម្នាក់ មុនពេល​ចាប់ផ្តើម​វាយប្រហារ​លើ​អ្នក​គោរពបូជា​នៅ​សាល​នា​។ ហើយ​បន្ទាប់មក​កងកម្លាំង​សន្តិសុខ ក៏បាន​បាញ់សម្លាប់ ភេរវ​ករ​ទាំងអស់ ចោល​នៅ​ហ្នឹង​កន្លែង​តែម្តង​។​

​ក្រោយ​ការវាយប្រហារ​នេះ​ភ្លាមៗ​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ ក្រុម​ភេរ​វករ ISIS បាន​ចេញមុខ​អះអាងថា ជា​ទង្វើ​របស់​ក្រុម​ខ្លួន​។ ISIS បានចេញ​សេចក្តីថ្លែងការណ៍​ទៀតថា ទង្វើ​របស់​ពួកគេ​ពេលនេះ គឺជា​ការ​សងសឹក​ចំពោះ​អាជ្ញាធរ​ឥណ្ឌា ដែល​បានធ្វើ​ទុក​បុក​ម្នេញ​ទៅលើ​ជនជាតិ​ម៉ូ​ស្លី​ម នៅក្នុង​ផ្នែក​មួយ​នៃ​តំបន់​កា​ស្មៀ​រ ហើយ ISIS ក៏​ព្រមាន​ធ្វើការ​វាយប្រហារ​បែបនេះ​បន្ថែមទៀត​ដែរ​៕