ថៃនឹងចាប់ដាក់គុក២ឆ្នាំ ចំពោះអ្នកល្មើសបំរាម ទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺ COVID-19
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 April, 2020 ក+ ក-

បាងកក ៖ «បំរាមគោចរទូទាំងប្រទេស» រយៈពេល៦ម៉ោងនៅពេលយប់ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺ COVID-19 ជាមួយការព្រមានថា អ្នកដែលរំលោភបំពានលើបទបញ្ជានេះ នឹងត្រូវប្រឈមមុខជាប់ពន្ធនាគារ០២ឆ្នាំ។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលថៃដែលដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០នេះ។

ក្នុងសុន្ទរកថា តាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានក្រើនរំលឹកថា អ្នកដែលទិញម៉ាស ឬសម្ភារៈសំខាន់នានាៗស្ដុកទុក អាចនឹងប្រឈមមុខជាប់ពន្ធនាគារ០៧ឆ្នាំ និងពិន័យជាប្រាក់៤,២០០ដុល្លារ។ បន្ថែមពីលើនេះលោកក៏បានអំពាវនាវឱ្យប្រជាជនថៃទាំងអស់ ដែលនៅក្រៅប្រទេស ពន្យារពេលត្រឡប់មកស្រុកកំណើតវិញ រហូតដល់ក្រោយថ្ងៃទី១៥ ខែមេសា ដើម្បីចូលរួមចំណែកបញ្ឈប់ការឆ្លងCOVID-19។

បំរាមគោចរខាងលើដែលមានរយៈពេលចាប់ពីម៉ោង១០៖០០នាទីយប់ ដល់ម៉ោង៤៖០០នាទីទាបភ្លឺ បានចូលជាធរមាននៅថ្ងៃសុក្រនេះ។ ប៉ុន្តែបំរាមនេះត្រូវបានលើកលែង សម្រាប់បុគ្គលិកចាំបាច់ដូចជា បុគ្គលិកសុខាភិបាល បុគ្គលិកដឹកជញ្ជូនឥន្ធនៈ និងចំណីអាហារ រួមទាំងសេវាប្រៃសនីយ៍ជាដើម។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ ថៃមានអ្នកឆ្លង COVID-19 កើនដល់ ១,៨៧៥នាក់ ក្នុងនោះស្លាប់១៥នាក់ និងជាសះស្បើយ ៥០៥នាក់។ ក្នុងចំណោមអ្នកឆ្លងទាំង ១,៨៧៥នាក់នោះ ១,៥០៨នាក់ជាជនជាតិថៃផ្ទាល់៕