ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លង COVID-19 ថ្មីចំនួន១០៣នាក់ទៀត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 April, 2020 ក+ ក-

បាងកក ៖ អាជ្ញាធរសុខាភិបាលថៃនៅថ្ងៃសុក្រនេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន១០៣នាក់ថែមទៀត ធ្វើឡើងចំនួនអ្នកឆ្លងជំងឺកើនដល់កើនដល់១,៩៧៨នាក់ ហើយអ្នកជំងឺ០៤នាក់ក៏ទើបតែបានបាត់បង់ជីវិតផងដែរ ដែលសរុបកើនដល់១៩នាក់ និងជាសះស្បើយចំនួន​៥៨១នាក់។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។

អ្នកនាំពាក្យមជ្ឈមណ្ឌលទទួលបន្ទុកស្ថានការណ៍ COVID-19 របស់រដ្ឋាភិបាលថៃ លោក Taweesin Wisanuyothin បានបញ្ជាក់ថា អ្នកជំងឺដែលស្លាប់គឺជាបុរសជនជាតិថៃទាំងអស់ ក្នុងនោះម្នាក់អាយុ៥៩ឆ្នាំ ដែលធ្វើការនៅលើ​រថភ្លើងមួយខ្សែ ហើយ៣នាក់ទៀតអាយុចន្លោះ៧២-៨៤ឆ្នាំ មានជាប់ពាក់ព័ន្ធការចូលរួមទស្សនាការប្រកួតប្រដាល់មួយ នៅទីក្រុងបាងកក ដែលជាប្រភពនៃការឆ្លងរាលដាលដ៏ធំមួយ នៅក្នុងប្រទេសថៃ។

សូមជម្រាបថា រដ្ឋាភិបាលថៃកំពុងបន្តស្ថិតក្រោមគ្រាមានអាសន្ន ចាប់ពីយប់ថ្ងៃសុក្រនេះ និងព្រមានចាប់ផ្តើមអនុវត្តបម្រាមគោចរនាវេលាយប់ ដែលមាន​រយៈពេល៦ម៉ោង គឺចន្លោះម៉ោង១០៖០០នាទីយប់ ដល់ម៉ោង០៤៖០០នាទីទាបភ្លឺ នៅទូទាំងប្រទេសតែម្តង ដើម្បីកាត់បន្ថយការឆ្លងរាលដាល​នៃ COVID-19៕