​រយៈពេល​២៤​ម៉ោង បារាំង​មាន​មនុស្ស​​ស្លាប់​ដោយសារ​កូ​រ៉ូ​ណា​ចំនួន៨៣៣នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 April, 2020 ក+ ក-

​បារាំង ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក Olivier Véran បានប្រកាស​នៅ​ព្រឹក​នេះ​ថា ចំនួន​អ្នកស្លាប់​ដោយសារ COVID-19 នៅ​ទូទាំងប្រទេស​បាន​កើនឡើង​ដល់​៨ ៩១១ នាក់​ហើយ បន្ទាប់ពី​មាន​មនុស្ស​ចំនួន ៨៣៣ នាក់​បន្ថែមទៀត​បាន​ស្លាប់​ក្នុង​រយៈពេល​២៤​ម៉ោង​កាលពី​ម្សិលមិញ​។ ​នេះ​បើ​យោងតាម​ប្រភពពី CGTN ។

​ប្រទេស​បារាំង​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែល​រង​ផលប៉ះពាល់​អាក្រក់​បំផុត​ដោយ​វីរុស​COVID-19 នៅ​អឺរ៉ុប បន្ទាប់ពី​ប្រទេស​អ៊ីតាលី​និង​អេ​ស្ប៉ា​ញ​ដែលមាន​អ្នកស្លាប់​ច្រើន​។​

​លោក Véran ថ្លែង​នៅក្នុង​សុន្ទរកថា​“​យើង​មិនទាន់​អាច​ទប់​ស្តា​តនៃ​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​នៅឡើយ​ទេ​” ។ COVID-19 បាន​បន្ត​រាលដាល​ពាសពេញ​ពិភពលោក​ដោយ​តួលេខ​អ្នកស្លាប់​និង​អ្នក​ឆ្លង​មានការ​កើនឡើង​ជា​រៀងរាល់ថ្ងៃ​។​

​សូមជម្រាបថា គិត​មកដល់ពេលនេះ​នៅ​ទូទាំង​ពិភពលោក​មាន​ករណី​ឆ្លង​ជាង​១,៣​លាន​ករណី​ត្រូវបាន​គេ​កត់ត្រា​ដោយ​ក្នុងនោះ​មាន​មនុស្ស​ស្លាប់​ជាង ៧២.០០០ នាក់ ខណៈ​មនុស្ស​ជាង​២៧៣.០០០ នាក់​បានជា​សះស្បើយ​៕