ក្រសួង ប្រាប់នីតិវិធីសម្រាប់កម្មករ និយោជិត អាចទទួលបានប្រាក់ឧបត្ថម្ភ៤០ដុល្លារពេលរោងចក្រព្យួរការងារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 April, 2020 ក+ ក-

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំថ្មី សំដៅជួយដល់រោងចក្រ សហគ្រាស និងកម្មករ និយោជិតនៅកម្ពុជា ក្នុងពេលវិបត្តិកូវីដ១៩។ ក្រសួងការងារ បាន ប្រាប់នីតិវិធីសម្រាប់កម្មករ និយោជិត ក្នុងការទទួលបានប្រាក់ឧបត្ថម្ភ៤០ដុល្លារ អំឡុងពេលរោងចក្រព្យួរការងារ។

នៅក្នុងសេចក្តីណែនាំនៅថ្ងៃទី១៧ មេសានេះ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានប្រាប់ឲ្យរោងចក្រ សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត ត្រូវរួសរាន់ផ្តល់លេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទផ្ទាល់ខ្លួន ដែលអាចទាក់ទងបានទៅម្ចាស់ រឺនាយករោងចក្រ សហគ្រាស គ្រឹះស្ថានក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៏ ដើម្បីចងក្រងជាបញ្ជីផ្តល់ជូនក្រសួង យកទៅរៀបចំនីតិវិធីបើកផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលចំនួន៤០ដុល្លារក្នុងមួយខែ តាមរយៈធនាគារឯកទេសវីង ទៅកម្មករ និយោជិត។ ក្នុងករណីគ្មានលេខទូរស័ព្ទផ្ទាល់ខ្លួន ត្រូវផ្តល់ លេខទូរស័ព្ទជារបស់ប្តី ប្រពន្ធ កូន ឪពុក ម្តាយ រឺបងប្អូនបង្កើត និងមិនត្រូវផ្លាស់ប្តូរលេខទូរស័ព្ទជាដាច់ខាត។ ការទទួលបានប្រាក់ឧបត្ថម្ភនេះ គឺសម្រាប់រោងចក្រ សហគ្រាសក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងវិស័យទេសចរណ៏ គ្រាដែលរោងចក្រ សហគ្រាស របស់ខ្លួន ត្រូវបានព្យួរ រឺផ្អាកដំណើរការ ដោយសារវិបត្តិកូវីដ១៩។

តាមសេចក្តីជូនដំណឹង បានបន្ថែមថា កម្មករ និងនិយោជិត នឹងទទួលបានប្រាក់១៥ដុល្លារអាមេរិក សម្រាប់ការព្យួរកិច្ចសន្យាការងារ រយៈពេល៧ថ្ងៃ ដល់១០ថ្ងៃ ទទួលបានប្រាក់៣០ដុល្លារ សម្រាបើការព្យួរកិច្ចសន្យារយៈពេល១១ថ្ងៃ ដល់២០ថ្ងៃ និងចំនួន៤០ដុល្លារ សម្រាប់ការព្យួរកិច្ចសន្យាការងារយៈពេល២១ថ្ងៃ ដល់១ខែ។ ក្រោយពេលព្យូរកិច្ចសន្យាការងារចំនួន១០ថ្ងៃ កម្មករនិយោជិត នឹងទទួលបានសារតាមទូរស័ព្ទពីធនាគារ ឯកទេសវីង ដែលជម្រាបដំណឹងអំពីចំនួនទឹកប្រាក់ដែលត្រូវទទួលបាន។

ក្រសួងការងារ ក៏បានក្រើនរំលឹកកម្មករ និយោជិត ត្រូវសហការផ្តល់លេខ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរសព័្ទដែលអាចទំនាក់ទំនងបាន ទៅរោងចក្រ សហគ្រាស ជាដាច់ខាត ដើម្បីងាយស្រួលទាក់ទងនៅបើកថវិកាឧបត្ថម្ភ។ ក្រសួងការងារ ក៏បានព្រមានថា កម្មករ និយោជិតណាម្នាក់ ដែលខកខាន មិនបានផ្តល់អត្តសញ្ញាណប័ណ្ឌសញ្ជាតិខ្មែរ និងលេខទូរសព័្ទដល់រោងចក្រ សហគ្រាស គ្រឹះស្ថាន មានន័យថា សាម៉ីជនបានស្ម័គ្រចិត្តមិនទទួលយកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ដែលមានចំនួន៤០ដុល្លារក្នុងមួយខែនេះទេ៕