រោងចក្រ​ថ្មី​ចំនួន ៧៧ ត្រូវ​បាន​បង្កើតឡើង​នៅ​កម្ពុជាក្នុងត្រីមាស​ទី១ ឆ្នាំ២០២០​នេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 April, 2020 ក+ ក-

ភ្នំពេញ ៖ លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ក្នុងរយៈ៣ខែ នៃត្រីមាសទី១ ឆ្នាំ២០២០នេះ វត្តមានរោងចក្រថ្មីៗនៅក្នុងវិស័យឧស្សាហកម្មមានចំនួន ៧៧រោងចក្រសហគ្រាស ត្រូវបានរាជរដ្ឋាភិបាល គាំទ្រឱ្យមានដំណើរនៅកម្ពុជា និងបានផ្តល់ឱកាសការងារប្រមាណ ២៧ ៩០៩នាក់ ស្របពេលដែលរោងចក្រចំនួន៦ ត្រូវបានសម្រេចបិទទ្វារឈប់ដំណើរការទាំងស្រុង។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៣ ខែមេសានេះ លោករដ្ឋលេខាធិការបានបញ្ជាក់ថា ក្នុងចំណោមរោងចក្រថ្មីៗដែលត្រូវបានអនុញ្ញាតឱ្យមានដំណើរការទាំង៧៧នេះ ក្នុងនោះមាន ចំនួន៧៤ ចេញដោយក្រសួង និងសម្រេចចេញដោយសាលារាជធានីភ្នំពេញមានចំនួន១ និងរោងចក្រដំណើរការឡើងវិញចំនួន២ ដោយបានបង្កើតឱកាសការងារ ២៧ ៩០៩នាក់។

បើតាមលោក ហេង សុខគង់ថា គិតត្រឹមដើមត្រីមាសទី១ ឆ្នាំ២០២០ រោងចក្រដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ មានចំនួន១ ៨០១ រោងចក្រ ដែលក្នុងនោះផ្តល់ឱកាសការងារដល់កម្មករ-កម្មការិនី ប្រមាណ ១ ០៦៣ ០៣១នាក់។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ តម្លៃសរុបបវិមាណផលិតផលមានចំនួនប្រមាណ ១៤,៨៧៥លានដុល្លារ កើនឡើង ១៣ភាគរយ បើធៀបនឹងឆ្នាំ២០១៨។ ក្នុងនោះតម្លៃសរុបបរិមាណផលិតផលនាំចេញមានប្រមាណ ១១,១៨៥លានដុល្លារ កើនឡើង ១៤ភាគរយ និងតម្លៃសរុបបរិមាណផលិតផលលក់ក្នុងស្រុកប្រមាណ ៣,៦៩០លានដុល្លារ កើនឡើងប្រមាណ១១%៕