បីខែដើមឆ្នាំ កម្ពុជានាំចូលអំបិលពីឥណ្ឌា ៤ពាន់តោនបំពេញតម្រូវការក្នុងស្រុក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 April, 2020 ក+ ក-

ភ្នំពេញ ៖ ថ្វីត្បិតតែកម្ពុជាមានធនធានទឹកសមុទ្រដែលអាចផលិតអំបិលបានក្ដី តែកម្ពុជាមិនអាចផលិតអំបិលសម្រាប់ផ្គត់ផ្គង់គ្រប់នៅលើទីផ្សារនោះទេ គឺបាននាំចូលពីប្រទេសក្រៅមកបំពេញតម្រូវការ ជាក់ស្ដែងកន្លងទៅ កម្ពុជា បាននាំអំបិលពីប្រទេសចិនហើយឆ្នាំ ២០២០នេះ គិតចាប់ពីខែ មករា ដល់ខែ មីនា កម្ពុជាបាននាំចូលអំបិលពីប្រទេសឥណ្ឌាប្រមាណ៤០០០តោន ដើម្បីបំពេញការខ្វះខាតនៅលើទីផ្សារ។ការខ្វះខាតអំបិលនៅកម្ពុជា ទើបតែកើតឡើងនៅក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះតែប៉ុណ្ណោះ គឺដោយសារតែពលរដ្ឋដែលធ្លាប់ផលិតអំបិលកាលពីមុននោះ បានបោះបង់ចោលការផលិតជាបន្តបន្ទាប់ ព្រោះតែខ្វះកំលាំងពលកម្ម ។

បើតាម លោក ហួន សុរង្សី ប្រធាននាយកដ្ឋានកិច្ចការសិប្បកម្មនៃក្រសួងឧស្សាកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា ដោយសារតែអំបិលជាទំនិញយុទ្ធសាស្ត្រ ក្រសួងបានតាមដានជាប់ជាប្រចាំដោយត្រួតពិនិត្យទៅលើអំបិលក្នុងស្តុកតើគ្រប់នឹងតម្រូវការដែរទេ ។បើមិនគ្រប់នាំត្រូវអនុញ្ញាតអោយឈ្មួញនាំចូលបន្ថែម ដើម្បីបំពេញតម្រូវការ ។ ជាលទ្ធផល រហូតមកដល់ពេលនេះ អំបិលមាននៅក្នុងឃ្លាំងប្រមាណជាង៣ម៉ឺនតោន ហើយតម្រូវការក៏មានប្រមាណជាង៣ម៉ឺនតោននេះដែរ ។

លោកបន្តថា ចាប់តាំងពីខែ មករា ដល់ខែ មីនា ដើមឆ្នាំ ២០២០នេះ ឈ្មួញអំបិលម្នាក់បាននាំចូលអំបិលពីប្រទេសឥណ្ឌាប្រមាណ៤ពាន់តោននិងសល់ក្នុងឃ្លាំងប្រមាណ៥០០តោនទៀតផងដែរ ដូច្នេះឆ្នាំនេះ ការផ្គត់ផ្គង់អំបិលឆ្នាំនេះ នឹងមិនមានការខ្វះខាតទេ ហើយក៏អាចរក្សាបាននូវស្ថិរភាព តម្លៃផងដែរ ។ បច្ចុប្បន្នតម្លៃអំបិលលក់លើទីផ្សារក្នុងប្រទេសកម្ពុជា មានតម្លៃចន្លោះពី ១៥០០រៀលទៅ២០០០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម ។

លោកបន្តទៀតថា ដើម្បីធានាបាននូវនិរន្តរភាពផលិតផលអំបិលក្នុងប្រទេសកម្ពុជា រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ និងជំរុញអោយមានការវិនិយោគលើការផលិតអំបិលដោយទំនើបកម្ម ក៏ប៉ុន្តែការងារនេះ គឺជាការងារធំ ដូច្នេះត្រូវធ្វើការម្ដងមួយដំណាក់ៗ មិនអាចធ្វើបានលឿនរហ័សនោះទេ ។ លោកថា កន្លងមកមានអ្នកសិក្សាជាច្រើនមកហើយពីការផលិតអំបិលតាមទំនើបកម្ម ក៏ប៉ុន្តែនៅមិនទាន់ចេញជាលទ្ធផលនៅឡើយទេ ។
លោកបន្ថែមថា បច្ចុប្បន្ននេះ ការផលិតអំបិលនៅក្នុងប្រទេសកម្ពុជា គឺធ្វើឡើងតាមរូបភាពជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ ដោយមិនមានការផលិតជាលក្ខណៈសហគមន៍ដូចពីមុនទៀតឡើយ ដោយសាតែមិនមានកំលាំងពលកម្មគ្រប់គ្រាន់ក្នុងការផលិតជាលក្ខណៈសហគមន៍ ។

បើតាមលោក ខាត់ សាមឿនផលិតករអំបិលមួយរូប នៅក្នុងខេត្តកំពត បានអោយដឹងថា បច្ចុប្បន្ននេះបញ្ហាសម្រាប់អ្នកផលិតអំបិល នៅក្នុងខេត្តកំពត គឺមិនមានកំលាំងពលកម្មសម្រាប់ផលិត ដូច្នេះហើយទើប អ្នកផលិតអំបិលភាគច្រើនចាប់ផ្ដើមបោះបង់ការផលិតរបស់ខ្លួន ព្រោះតែរកកំលាំងពលកម្មមិនបាន ។

លោកបន្តថា កំលាំងពលកម្មមានដែរ តែជាមនុស្សចាស់ៗ ព្រោះថាកំលាំងពលកម្មក្មេងៗ ពួកគេ នឹងមិនធ្វើការក្រោមកំដៅថ្ងៃទេ គឺពួកគេនឹងទៅរកការងារធ្វើនៅក្នុងរោងចក្រក្រោមម្លប់ ងាយស្រួល និងអាចរកប្រាក់ចំណូលបានច្រើនជាងផងដែរ ។ អ្នកផលិតអំបិលក៏ចង់អោយកម្រៃពលកម្មទៅកម្មករច្រើនដែរ ក៏ប៉ុន្តែ មិនអាចផ្ដល់ជូនច្រើនបាននោះទេ គឺបានតែមួយសមល្មម ហើយត្រូវធ្វើការនៅក្រោមកំដៅថ្ងៃទៀត ៕