អគ្គិសនីកម្ពុជាបកស្រាយបំភ្លឺ ពីការកើនឡើងបរិមាណភ្លើង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 April, 2020 ក+ ក-

ភ្នំពេញ ៖ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ប្រជាពលរដ្ឋដែលនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក បានបង្ហោះវិក្ក័យបត្រភ្លើង និងភ្ជាប់ពាក្យមិនពេញចិត្តនឹងការកើនឡើងបរិមាណភ្លើងប្រើប្រាស់នៅក្នុងខែថ្មីនេះ ដោយអ្នកខ្លះបានឡើងដល់២ដង និងខ្លះឡើងថ្លៃតម្លៃដល់៣ដងបើធៀបនឹងការប្រើប្រាស់កាលពីខែមុន ។

ជាការឆ្លើយតបអគ្គិសនី កម្ពុជា បានបកស្រាយនូវចំងល់មួយនេះ តាមរយៈការឆ្លើយនឹងសំនួរខមិនពីអតិថិជន ។ នៅក្នុងចម្លើយនោះ អគ្គិសនីកម្ពុជាបានបកស្រាយថាអាកាសធាតុកាន់តែក្តៅខ្លាំង កុងទ័រអគ្គិសនីកើនគីឡូកាន់តែច្រើនទៀត ដោយសារ ៖
១.ទូទឹកកក គឺជាបរិក្ខាអគ្គិសនីសម្រាប់បំឡែងពីក្តៅទៅត្រជាក់ បរិយាកាសខាងក្រៅក្តៅកាន់តែខ្លាំង ទូរទឹកកកប្រឹងបំឡែងពីក្តៅទៅត្រជាក់កាន់តែខ្លាំង នាំឲ្យស៊ីថាមពលអគ្គិសនីកាន់តែច្រើន ធ្វើឲ្យកុងទ័រកើនគីឡូកាន់តែច្រើន ។
២.ម៉ាស៊ីនត្រជាក់ គឺជាបរិក្ខាអគ្គិសនី ដែលបំឡែងពីក្តៅទៅត្រជាក់ ពេលបរិយាកាសក្នុងបន្ទប់ក្រៅបន្ទប់ក្តៅកាន់តែខ្លាំង ពេលនោះម៉ាស៊ីនត្រជាក់ប្រឹងបំឡែងពីក្តៅទៅត្រជាក់កាន់តែខ្លាំងផងដែរ នាំឲ្យស៊ីថាមពល អគ្គិសនីកាន់តែច្រើន ធ្វើឲ្យកុងទ័រកើនគីឡូកាន់តែច្រើន ។

៣.កង្ហារ គឺជាបរិក្ខាអគ្គិសនីបក់ឲ្យមានខ្យល់ធ្វើឲ្យយើងត្រជាក់ បើសិនយើងបើកលេខវិលយឺត វាស៊ីថាមពលអស់តិច តែបើយើងបើកវិលលឿនវាស៊ីថាមពលអស់ច្រើន ខែក្តៅភាគច្រើនយើងបើកវិលលឿន នាំឲ្យវាស៊ីថាមពលអគ្គិសនីអស់ច្រើន កុងទ័រភ្លើងកើនគីឡូកាន់តែច្រើន ។

៤.ដោយសាឆ្នាំនេះមានបញ្ហា Covid-19 ប្រជាពលរដ្ឋភាគច្រើននៅផ្ទះ ធ្វើឲ្យការប្រើប្រាស់ថាមពលអគ្គិសនីច្រើនជាមុន ។

ការបកស្រាយចំងល់នេះ នឹងអាចធ្វើអោយបងប្អូនមួយចំនួនអាចទទួលយកបាន ហើយក៏មួយចំនួនមិនអាចទទួលយក ដូច្នេះមេគង្គ ប៉ុស្តិ៍គ្រាន់តែផ្សព្វផ្សាយសាររបស់អគ្គិសនីកម្ពុជាជូនបងប្អូនប៉ុណ្ណោះ ៕