ត្រៀមថវិកា៣០០លានដុល្លារជួយទ្រទ្រង់ពលករខ្មែរដែលមិនអាចត្រឡប់ទៅធ្វើការនៅបរទេស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 April, 2020 ក+ ក-

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ត្រៀមកញ្ចប់ថវិកាប្រមាណ ៣០០លានដុល្លារអាមេរិក សម្រាប់ជួយទ្រទ្រង់ការខ្វះខាតរបស់ពលករខ្មែរចំណាកស្រុកក្នុងពេលពួកគាត់មិនអាចត្រឡប់ទៅធ្វើការនៅក្រៅប្រទេសវិញបាន ចន្លោះពេលពិភពលោកមានវិបត្តិកូវីដ-១៩។

នេះជាការបញ្ជាក់របស់លោកស្រី ជូ ប៊ុនអេង នៅទី២៩ ខែមេសា ឆ្នាំ២០២០ ក្នុងឱកាសកិច្ចប្រជុំគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សហការជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីទីភ្នាក់ងារអង្គការ សហប្រជាជាតិ ថ្នាក់ដឹកនាំនិងមន្រ្តីនៃអង្គការ IOM ព្រមទាំងស្ថាប័ន អង្គការដៃគូជាតិអន្តរជាតិពាក់ព័ន្ធជាច្រើន។

លោកស្រីវបញ្ជាក់ថា ថវិកាប្រហែល ៣០០លានដុល្លារអាមេរិកនេះ សម្រាប់បម្រុងជាជំនួយគាំពារសង្គម ក៏ដូចជាសន្តិសុខស្បៀង ដែលគ្រោងនឹងដំណើរការអនុវត្តន៍នៅចុងខែឧសភា ឬដើមខែមិថុនា ឆ្នាំនេះ។

ទោះជាយ៉ាងនេះក្តី លោកស្រី បានពន្យលបន្ថែមថា ការផ្តល់ជូនការឧបត្ថម្ភនេះ គ្រាន់តែជាការដោះស្រាយបញ្ហាជួយសម្រាល ប៉ុន្តែពលករខ្វះខាតត្រូវតែគិតគូរអំពីលទ្ធភាពផ្ទាល់ខ្លួនឲ្យបានគ្រប់គ្រាន់ ដើម្បីធានាផ្គត់ផ្គង់ខ្លួនឯងបន្ថែមនៅក្នុងការរស់នៅប្រចាំថ្ងៃក្នុងកាលៈទេសៈនេះ៕