ឧកញ៉ា​មួយរូប​ពាក់ព័ន្ធ​ឈូសឆាយដី​ព្រៃរបស់​រដ្ឋ​យក​ដី​ជា​កម្មសិទ្ធិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 July, 2015 ក+ ក-

​ភ្នំពេញ​៖​គម្រប​ព្រៃឈើ​ឋិត​នៅជាប់​នឹង​តំបន់​ព្រំដែន​ខេត្តរតនគិរី ក្នុងស្រុក​អូរ​យ៉ា​ដាវ ជាប់​នឹង​ប្រទេស​វៀតណាម ត្រូវបាន​ឧកញ៉ា​មាន​ប្រាក់​មួយរូប​ឈូសឆាយ​ព្រៃ​អស់​ប្រមាណ​ជាង ៧​ហិកតារ​បន្ថែមទៀត ដើម្បី​យក​ដី​។ មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​បារម្ភ​ថា ប្រសិន​មន្ត្រី​ជំនាញ​មិន​ទប់ស្កាត់​ទេ ព្រៃឈើ​និង​ដី​នៅ​តំបន់​នោះ នឹងត្រូវ​ក្លាយជា​កម្មសិទ្ធិ​អ្នកមាន​ប្រាក់ មានអំណាច​។​

​តាម RFA បាន​ផ្សាយ​ឲ្យ​ដឹងថា មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​សមាគម​អាដហុក (Adhoc) ខេត្តរតនគិរី នៅ​ថ្ងៃទី​២៩ ខែកក្កដា អំពាវនាវ​សុំ​ឲ្យ​មន្ត្រី​ក្រសួងកសិកម្ម​ស៊ើបអង្កេត​ករណី​ឈូសឆាយដី តំបន់​ព្រៃឈើ​នេះ​ជាបន្ទាន់ ដើម្បី​រក​ឲ្យ​ឃើញ​ពី​ហេតុផល​នាំ​ឲ្យ​មានការ​ឈូសឆាយ​តំបន់​គម្រប​ព្រៃរបស់ រដ្ឋ​នេះ​។​

​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្តរតនគិរី បាន​ចុះ​អង្កេត​សេចក្ដីរាយការណ៍​ទាក់ទិន​បទល្មើស​ព្រៃឈើ​នេះ រកឃើញថា ដីព្រៃ​មួយកន្លែង​ឋិត​នៅ​ខាងកើត​ជាប់​ដី​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់ ក្រុមហ៊ុន ទ្រី ភាព ក្នុង​ឃុំ​សេ​សាន ត្រូវបាន​គេ​ឈូសឆាយ​ប្រមាណ​ពីរ​សប្ដាហ៍​កន្លងទៅនេះ​។ ជាមួយ​នោះដែរ ដីព្រៃ​ដែល​គេ​ឈូសឆាយ​មួយ​ចំហៀង ត្រូវបាន​គេ​កាយ​ប្រឡាយ​ខណ្ឌ​ធ្វើ​ព្រំ​ដើម្បី​ហ៊ុមព័ទ្ធ​យក​ដី​នោះ​។​

​លោក ឆាយ ធី ថ្លែងថា តំបន់​នោះ​ជា​តំបន់​ព្រៃ​ការពារ​ដោយ​មន្ត្រី​ព្រៃឈើ​ច្រើន​ឆ្នាំ​កន្លងទៅ ហើយ​តំបន់​នេះ​ក៏​ជា​តំបន់​ដែល​មន្ត្រី​ព្រៃឈើ​មក​ដកហូត​ពី​អ្នកកាន់កាប់ ដី​បាន​ពី​កាប់​រាន​ព្រៃ​កាលពី​ឆ្នាំ​២០០៧ កន្លងទៅ​ដែរ​៖ «​ការ​ឈូសឆាយ នេះ​យើង​ស្នើសុំ​ឲ្យ​មានការ​ស៊ើបអង្កេត​ពី​ថ្នាក់ជាតិ ពី​ក្រសួងកសិកម្ម ពី​កា​រុករាន​ដីព្រៃ​នៅ​ព្រំដែន​ធ្វើជា​កម្មសិទ្ធិឯកជន ព្រោះ​យើង​ពិនិត្យឃើញថា ដីព្រៃ​នេះ​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ មិនមែនជា​ដី​កម្មសិទ្ធិ​របស់​សហគម​ន៍​នោះឡើយ​»​។​

RFA បន្តថា យោង​ឯកសារ​ថតចម្លង​ដែល​ខ្លួន​ទទួលបាន​ពី​អ្នកបញ្ជា​គ្រឿងចក្រ​ឈូស​ដី​បង្ហាញថា ព្រៃ​ដែល​គេ​បាន​ឈូសឆាយ​នេះ​ជាប់​ទាក់ទិន​ទៅនឹង​ឧកញ៉ា​មួយរូប​ឈ្មោះ ជួន កុល ដែល​បាន​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​តាំងពី​ឆ្នាំ​២០០៤​។ ដី​នោះ​មាន​ទំហំ​ជាង ១៦​ម៉ឺន​ម៉ែត្រការ៉េ ឋិត​ក្នុង​ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ​។ ផ្អែកលើ​លិខិត​ទិញ​លក់​នេះ ឧកញ៉ា ជួន កុល បានធ្វើ​លិខិត​ស្នើសុំ​ឈូសឆាយដី​កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៥​។ ចំណែក​អភិបាលខេត្ត​រតនគិរី លោក ថង សាវុន បាន​ចារ​ឯកភាព​លើ​ការស្នើសុំ​ឈូសឆាយដី​នោះ​។​

​នៅ​ថ្ងៃទី​២៩ ខែកក្កដា មិនអាច​ទាក់ទង​ឧកញ៉ា ជួន កុល សុំ​បញ្ជាក់​ពី​ករណីនេះ​បានទេ​។ ក៏ប៉ុន្តែ​អភិបាលស្រុក​អូ​រយ៉ា​ដាវ លោក ម៉ា វិចិត្រ ទទួលស្គាល់ថា ការឈូសឆាយដី​នៅ​តំបន់​នោះ​មានការ​ឯកភាព​ពី​អាជ្ញាធរខេត្ត ក៏ប៉ុន្តែ​ការ​ឈូសឆាយ​ពិតជា​បាន​ប៉ះពាល់​ព្រៃឈើ​មួយចំណែក​ប្រាកដ​មែន​។​

​លោក​ថា បណ្ដា​ក្រុមហ៊ុន​មួយចំនួន​នៅ​តំបន់​នោះ​ក៏​ពាក់ព័ន្ធ​ឈូសឆាយ​ព្រៃ​យក​ដី ដូចគ្នា ហេតុនេះ​លោក​ទាមទារ​ឲ្យ​អនុវត្ត​ច្បាប់​ដោយ​ស្មើភាព​គ្នា​៖ «​ខ្ញុំ នឹង​ចុះ​អនុវត្ត​បង្កើត​គណៈកម្មការ​មួយ​ចុះ​ស្រាវជ្រាវ​។ ប៉ុន្តែ​ក្នុងនាម​ខ្ញុំ​ជា​អាជ្ញាធរ​ដែនដី ខ្ញុំ​ចង់​បង្កលក្ខណៈ​ថា ដី​នៅ​ព្រំដែន​នេះ​ជា​ដី​បម្រុង​របស់​រដ្ឋ ប៉ុន្តែ​ខ្ញុំ​ចង់​ឲ្យ​ឯកជន​វិនិយោគ ឬ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ ចង់​ឲ្យ​ប្រជាពលរដ្ឋ​ដែល​គាត់​គ្រប់គ្រង​យូរហើយ ចង់​ឲ្យ​គាត់​អភិវឌ្ឍ​សេដ្ឋកិច្ច​»​។​

​ទាក់ទិន​បញ្ហា​នេះដែរ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​អូរ​យ៉ា​ដាវ លោក ឡេង យុគ មានប្រសាសន៍ថា មន្ត្រី​ព្រៃឈើ​មិនទាន់បាន​ចុះ​អង្កេត​ករណីនេះ​នៅឡើយ​។ លោក​ថា ដី​តំបន់​នោះ​មាន​បញ្ហា​ចម្រូងចម្រាស​ច្រើនលើក​មកហើយ ហេតុនេះ​មន្ត្រី​លោក​នឹង​ចុះទៅ​ស្រាវជ្រាវ​រឿងនេះ​បន្តទៀត​៖ «​កាល​មុន អាជ្ញាធរ​ចុះទៅ​ដោះស្រាយ​ថា មាន​ប័ណ្ណកម្មសិទ្ធិ​វាស់វែង​។ ចាំមើល​ខ្ញុំ​ស៊ើប​បន្តទៀត​មើល ព្រោះ​រឿង​ហ្នឹង​វា​កើត​ច្រើនលើក​ហើយ យើង​ចុះទៅ​ប៉ុន្មាន​សា​ហើយ​»​។​

RFA បន្តថា ទោះជា​យ៉ាងនេះ​ក៏ដោយ លោក ឆាយ ធី កត់សំគាល់ថា ការឈូសឆាយដី​នៅ​តំបន់​នោះ​មាន​ភាពមិនប្រក្រតី​ច្រើន ដូចជា​ឯកសារ​ផ្ទេរសិទ្ធិ​កាន់កាប់​ដី​របស់លោក ជួន កុល គឺ​ដី​នៅ​ឃុំ​ប៉ក់​ញ៉ៃ ក៏ប៉ុន្តែ​ដី​ជាក់ស្ដែង​ដី​ដែល​លោក ជួន កុល បាន​ឈូស គឺ​ឋិត​ក្នុង​ឃុំ​សេ​សាន​។ ម្យ៉ាងទៀត​ទីតាំង​ដី​នោះ មន្ត្រី​ព្រៃឈើ​មក​បាន​ដកហូត​ទុកជា​សម្បត្តិ​រដ្ឋ តាំងពី​ឆ្នាំ​២០០៧ ដោយសារ​ដី​នោះបាន​មកពី​ការកាប់​រាន​ព្រៃឈើ​ខុសច្បាប់ និង​ដោយឡែក ការឈូសឆាយដី​ថ្មី​នេះ​គឺ​បាន​ឈូស​ចូលទៅ​តំបន់​ព្រៃឈើ​បន្ថែមទៀត ដើម្បី​ពង្រីក​យក​ដី​រហូតដល់ ១២​ហិកតារ​៕
njmkk

ព្រៃឈើ​នៅជាប់​ព្រំដែន​ប្រទេស​វៀតណាម ក្នុង​ឃុំ​សេ​សាន ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ត្រូវ​ឧកញ៉ា ជួន កុល ឈូសឆាយ​ដើម្បី​យក​ដី​កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៥​។